ព័ត៌មានទាន់ហេតុការណ៍៖

ប្អូនថ្លៃបាញ់សម្លាប់បងថ្លៃស្លាប់ក្នុងថ្លុកឈាមដោយសារទំនាស់ពាក្យសម្តី

ចែករំលែក៖

ខេត្តកំពង់ធំ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្ទោងស្ដីពីករណីឃាតកម្មមួយបានកើតឡើងដោយការបាញ់នឹងកាំភ្លើងកែច្នៃកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៣០នាទី ស្ថិតនៅក្នុងភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ 

   ប្រភពខាងលើបានឱ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ ម៉ៅ មាន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកំព្រាល ឃុំ ប្រឡាយ ស្រុកស្ទោង  មានរបួស៣កន្លែង លើទ្រូងខាងស្ដាំមួយកន្លែង និងបែកលើថ្ងាស២កន្លែង។ រីឯជនសង្ស័យឈ្មោះ ជន សេង ហ៊ាង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ត្រូវឃាត់ខ្លួនភ្លាមៗក្រោយកើតហេតុ។

 តាមការបញ្ជាក់របស់ប្រពន្ធជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងហើយប្រើហិង្សាវាយប្រពន្ធកូន ធ្វើឱ្យប្រពន្ធនិងកូនរត់ចេញពីផ្ទះ នាំឱ្យជនសង្ស័យខឹងនិងតាមរករហូតដល់ផ្ទះជនរងគ្រោះដែលជាបងថ្លៃ។ ពេលនោះអ្នកទាំងពីរក៏ទាស់ពាក្យសម្តីនឹងគ្នារហូតដល់វាយតប់គ្នាទៅវិញទៅមក។

   ពេលនោះជនសង្ស័យបាននិយាយថា ឯងតែប៉ុណ្ណេះដឹងថាមិនរស់ទេ។ និយាយដូចនេះហើយជនសង្ស័យក៏ជិះម៉ូតូចេញទៅផ្ទះរបស់ខ្លួន ហើយមួយសន្ទុះក្រោយមកក៏បានត្រឡប់មកវិញនិងបានវាយតប់គ្នាជាមួយជនរងគ្រោះម្តងទៀត។ ពេលនោះជនសង្ស័យបានទាញកាំភ្លើងកែច្នៃបាញ់សំដៅមកជនរងគ្រោះចំទ្រូងខាងស្ដាំ១គ្រាប់បណ្តាលឱ្យរបួសធ្ងន់ហើយបានស្លាប់នៅមន្ទីរពេទ្យបង្អែកស្ទោង។

 លោក យ៉ង សំ អធិការស្រុកស្ទោងបានឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ចូនមកអធិការដ្ឋាននគរបាលស្រុកស្ទោងនិងត្រៀមបញ្ជូនទៅស្នងការដ្ឋានខេត្តកំពង់ធំនារសៀលថ្ងៃនេះ។

ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សូរិយា


ចែករំលែក៖