ព័ត៌មានទាន់ហេតុការណ៍៖

សាកសពជនរងគ្រោះ ២ នាក់នៅក្នុងហេតុការណ៍ឆេះកាស៊ីណូ Grand Diamond City សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ស្នងការនគរបាលខេត្តបន្ទាយ មានជ័យលោក សិទ្ធិ ឡោះ បានឱ្យដឹងនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ នេះថា សាកសពជនរងគ្រោះចំនួន២នាក់ ក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិត ២៦ នាក់ សមត្ថកិច្ចនៅមិនស្គាល់អត្តសញ្ញាណនៅឡើយ នៅរង់ចាំលទ្ធផលធ្វើតេស្ដ DNA។

លោក សិទ្ធិ ឡោះ បានថ្លែងថា៖ «នៅសល់២នាក់ទៀតយើងរង់ចាំ DNA ព្រោះសពឆេះសុសអស់នៅសល់តែឆ្អឹង យើងកំពុងធ្វើកោសល្យវិច័យដើម្បីបង្ហាញអត្តសញ្ញាណជនជាតិ និងប្រភេទឈាម និងអ្វីដែលយើងរកឃើញពីផូស៊ីលទៅតាមបច្ចេកទេសវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ»។គួរបញ្ជាក់ថា បន្ទាប់ពីប្រតិបត្តិការនេះអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ឲ្យដឹងថា ជាមួយនឹងការបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនេះ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់សរុបចំនួន២៦នាក់ និងអ្នក របួសចំនួន៥៧នាក់ ក្នុងនោះទាំងអ្នករបួស និងស្លាប់ មិនមានជនជាតិខ្មែរនោះឡើយ។ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំង១០០៩នាក់ និងខាងថៃចំនួន២២១នាក់។

បើតាមលោកអភិបាលខេត្ត សាកសពអ្នកស្លាប់ក្នុងហេតុ ការណ៍នេះ មានជនជាតិថៃ ចំនួន១៧នាក់, នេប៉ាល់ម្នាក់, ម៉ាឡេស៉ីម្នាក់, សង្ស័យចិនម្នាក់ និងមិនស្គាល់អត្តសញ្ញាណ៦នាក់ (មិនមែនជាតិខ្មែរ)។ 

គួរជម្រាបថា ជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃនិងខ្លះទៀតបញ្ជូនទៅ មន្ទីរពេទ្យក្បែរកន្លែងកើតហេតុ នៅក្នុងប្រទេសកម្ពុជា។ បើតាមសេចក្ដីរាយការណ៍ អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។

គួរបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ រីឯមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត។

ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖