ភ្នំពេញ៖ នៅក្នុងឱកាសជួបសំណេះសំណាងជាមួយប្រតិភូកីឡាក្រសួងក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានរំលឹកថា បើទោះបីជាសភាពការណ៍សន្ដិសុខនៅកម្ពុជានាពេលបច្ចុប្បន្ននេះ រក្សាបានល្អប្រសើរក៏ដោយ ប៉ុន្ដែពួកឧក្រិដ្ឋជន និងអ្នកប្រព្រឹត្តបទល្មើសទុច្ចរិត ពួកគេមិនទាន់បបោះបង់ចោលនៅឡើយចំពោះផែនការបស់ខ្លួនមកលើកម្ពុជា ដូច្នេះយើងនាំគ្នាបន្តប្រុងប្រយ័ត្នដើម្បីសុខសន្តិភាពជូនប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ជាពិសេសកម្ពុជារក្សាបាន និងពង្រឹងអធិបតេយ្យភាព បូរណភាពទឹកដីបានយ៉ាងល្អប្រសើរ ទាំងនេះគឺជាកត្តាគន្លឹះដ៏សំខាន់មិនអាចខ្វះបាន ដើម្បីបង្កលក្ខណៈសម្បត្តិដល់ការអភិវឌ្ឍ និងកិច្ចដំណើរការនានាទាំងអស់ របស់កម្ពុជា។
សម្ដេចក្រឡាហោមបញ្ជាក់ទៀតថា ប្រទេសកម្ពុជា ក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដោយសារសភាពការណ៍អន្ដរជាតិ ឬក្នុងតំបន់ កំពុងមានការវិវត្តន៍ដ៏ស្មុគ ស្មាញ ដោយមិនអាចប៉ាន់ស្មានដឹង។ តើជះឥទ្ធិពលមកកម្ពុជា ឬយ៉ាងណា? ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ នៅឆ្នាំ២០២៣នេះ ត្រូវបន្ដតាមដានបន្ថែមទៀតដើម្បីការពារសន្ដិភាព និងសេចក្ដីសុខជូនប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា «សភាពការណ៍សន្ដិសុខ និងបទល្មើសនានា ទោះបីមកដល់ពេលនេះ យើងរក្សាបានល្អប្រសើរ ដូចបានបញ្ជាក់ខាងលើ ប៉ុន្ដែពួកឧក្រិដ្ឋជន និងអ្នកប្រព្រឹត្តបទល្មើស គេមិនទាន់បោះបង់ចោល នូវផែនការទុច្ចរិតរបស់ពួកគេនោះទេ។
បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ដែលជាបទល្មើសមិនប្រព្រៃណី ហើយដោយមានបែបផែនស្មុគស្មាញ ដែលយើងត្រូវបន្ដរួមគ្នាដើម្បីធ្វើកិច្ចការងារទាំងនេះ»។
នៅក្នុងឱកាសនោះដែរសម្ដេច ស ខេង ក៏បានណែនាំដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីបទល្មើសនានា ឱ្យពួកគាត់បានយល់ ដឹងកាន់តែច្បាស់ថែមទៀត ដូចជា អំពើជួញដូរមនុស្ស ដែលជាបទល្មើសថ្មី និងស្មុគស្មាញ ព្រមទាំងកាចសាហាវផងដែរ៕
ដោយ៖ សូរិយា