ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះពលរដ្ឋមួយកន្លែងនៅខណ្ឌច្បារអំពៅ​ បណ្ដាលឱ្យខូចខាតរថយន្ត​ ម៉ូតូ​ កង់​ចំនួន៤គ្រឿង​ ព្រមទាំងសម្ភារៈលក់ចាប់ហួយជាច្រេីន

ចែករំលែក៖

ភ្នំពេញ​ ៖​ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយ​ និងវីងវេប្រាក់​ ដកប្រាក់​ មួយកន្លែង​ឆ្លងដល់រថយន្ត១គ្រឿង​ ម៉ូតូ៣គ្រឿង​ និងកង់១គ្រឿងរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍​កាលពីវេលាម៉ោង១​ និង៤០នាទីយប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃសុក្រ​ ទី៦​ ខែមករា​ ឆ្នាំ​២០២៣​ នៅតាមបណ្ដោយផ្លូវបេតុងចូលវត្តឬស្សីស្រស់​ ក្នុងភូមិឬស្សីស្រស់​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ ។ 

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុបានប្រាប់ឱ្យដឹងថា​ ដំបូងគេឃេីញមានផ្សែងហុយចេញពីក្នុងផ្ទះកេីតហេតុ​រួចដេីរទៅមេីលទេីបដឹងថាមានភ្លេីងឆេះ​ពីខាងក្នុង​ ភ្លាមនោះពលរដ្ឋក៏គោះទ្វារហៅម្ចាស់ផ្ទះ​ឱ្យភ្ញាក់ និងទាក់ទងទៅអាជ្ញាធរមូលដ្ឋាន​ឱ្យជួយអន្តរាគមន៍​បាញ់ទឹកពន្លត់​ ។  

    បន្ទាប់ពីទទួលបានករណីអគ្គិភ័យខាងលេី​ភ្លាម​ អាជ្ញាធរមូលដ្ឋាន​និងមន្ត្រីជំនាញបង្ការ​ សង្គ្រោះអគ្គិភ័យបានចេញរថយន្តពន្លត់អគ្គិភ័យជាប្រញាប់ដេីម្បីមកអន្តរាគមន៍​បាញ់ទឹកពន្លត់​ ព្រមទាំងសហការជាមួយបងប្អូនប្រជាពលរដ្ឋគាស់ទ្វារផ្ទះ​បាញ់ទឹកយ៉ាងញាប់ដៃ​ញាប់ជេីង​ និងយករថយន្ត​ ម៉ូតូ​ កង់​ ព្រមទាំងសម្ភារៈលក់ចាប់ហួយចេញពីក្នុងផ្ទះដែលកំពុងតែឆេះចេញមកក្រៅ ។ ក្នុងរយៈពេលជិត១ម៉ោង​ អាជ្ញាធរ​មូលដ្ឋាននិងមន្ត្រីជំនាញក៏បានបាញ់ទឹកឱ្យរលត់ទៅវិញជាស្ថាពរ​ ។ 

      ករណីអគ្គិភ័យខាងលេីនេះបានធ្វេីឱ្យខូចខាតរថយន្ត១គ្រឿង​ ម៉ូតូ៣គ្រឿង​ និងកង់១គ្រឿង​ ព្រមទាំងសម្ភារ:លក់ចាប់ហួយមួយចំនួនធំ​ តែមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួស​ ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ ។ ចំពោះមូលហេតុដែលបង្កឱ្យមានការឆាបឆេះនេះ​ សមត្ថកិច្ចជំនាញកំពុងធ្វេីការស្រាវជ្រាវបន្ត​ ៕​

IMG_5776 IMG_5770 IMG_5775 IMG_5773 IMG_5771

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖