ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញក្បាលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់ពេលចុះជីកដាក់ប្រព័ន្ធលូរំដោះទឹក

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្បាលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់ត្រូវបានក្រុមជំនាញបច្ចេកទេសនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង និងក្រុមអនាម័យរកឃើញនៅពេលជីកដាក់ប្រព័ន្ធលូរំដោះទឹកនៅតាមដងផ្លូវសាធារណៈ។

សមត្ថកិច្ចបានឲ្យដឹងថាក្បាលគ្រាប់ដែលប្រទះឃើញនោះនៅវេលាម៉ោង ១៤និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវលេខ ១០៧ ស្ថិតក្នុងក្រុមទី៣ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង មន្ត្រីជំនាញបានឲ្យដឹងថា នេះជាប្រភេទក្បាលគ្រាប់កាំភ្លើងផ្លោង(គ្រាប់បែកចង្កោម)ទំហំ ១០៥mm។

ក្រោយពីប្រទះរកឃើញនិងពិនិត្យរួច គ្រាប់យុទ្ធភ័ណ្ឌខាងលើត្រូវបានប្រគល់ជូនអង្គភាពស៊ីម៉ាក់ នៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាប្រចាំខេត្តបាត់ដំបងដើម្បីយកទៅរក្សាទុករង់ចាំពេលវេលាធ្វើការបំផ្លាញចោលនៅពេលក្រោយ ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖