ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​ ១១​ខែ ឆ្នាំ២០២២ ៖​ កម្ពុជា​ នាំចេញ​ផ្លែស្វាយ​ស្រស់ និង​តំណាប់​ស្វាយ​ ប្រមាណ​ជិត​ ១៧​ ម៉ឺន​តោន

ចែករំលែក៖

​ភ្នំពេញ៖​ ​បើតាម​ទិន្ន​ន័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ដែលទើប​ទទួល​បាននៅព្រឹក​ថ្ងៃ​ពុធ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​៖​ ផលិតផល​ផ្លែស្វាយ​ស្រស់ និង​តំណាប់​ស្វាយ​កម្ពុជា ប្រមាណ​ជិត​ ១៧​ ម៉ឺន​តោន ​ត្រូវបាន​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​ក្រៅប្រទេស​ក្នុង​រយៈពេល​ ១១​ខែ ឆ្នាំ២០២២ ធ្លាក់ចុះ​ជាង ៣០ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

​យោង​តាម​របាយការណ៍​នាំចេញ​ផលិត​ផល​កសិកម្ម រយៈពេល ១១ខែ ឆ្នាំ​២០២២ បានបង្ហាញថា ចាប់ពី​ខែមករា​​ខែវិច្ឆិកា ឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​ផលិតផល​ពី​ផ្លែស្វាយ​សរុប ១៦៩ ៦៥៨​ តោន ធ្លាក់ចុះ ៣០,២៨​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ២៤៣ ៣៥៥ តោន​។ សម្រាប់​រយៈ​​ពេល ​១១ ​ខែ ឆ្នាំ​ ២០២២ ការនាំ​ចេញ​ផ្លែស្វាយ​ស្រស់ មាន​ចំនួន ១៥២ ៩៩៥ តោន ធ្លាក់ចុះ ៣២,៤៧​ភាគរយ​ពី​ចំនួន ​២២៦ ៥៧៧,៧១​ តោន នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ និង​ការនាំ​ចេញ​តំណាប់​ស្វាយ សម្រេចបាន ១៦ ៦៦៣,៥​ តោន​ធ្លាក់​ចុះ ០,៦៨ ​ភាគរយ​ពី​ចំនួន ១៦ ៧៧៧,៨២​ តោន​។​

​យោងតាម​ក្រសួងកសិកម្ម ប្រទេស​/​ដែនដី ដែល​ទទួល​ទិញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា រួមមាន វៀតណាម ថៃ ចិន កូរ៉េ ហុងកុង និង​អូទ្រីស​។ ចំណែក​ប្រទេស​ទិញ​តំណាប់​ស្វាយ មានដូចជា ចិន ថៃ ហ្វីលីពីន វៀតណាម ជប៉ុន រុស្ស៊ី អ៊ី​តា​លី អង់គ្លេស កូរ៉េ អាមេរិក និង​អូស្ត្រាលី។​

​បេី​តាមការបញ្ជាក់ពី​លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន រី​ច​ហ្វា​ម អេ​ស៊ា ឯ​.​ក ដែលជា​ក្រុមហ៊ុន​ដាំ​ដុះ និង​នាំចេញ​ផ្លែស្វាយ ​បានបញ្ជាក់ថា​ បរិមាណ​នៃ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ​ច្រើន​ក្នុង​ឆ្នាំ​២០២២ គឺ​ដោយសារ​ការ​នាំ​ចេញទៅ​ប្រទេស​ចិន​ជួប​ឧបសគ្គ​ច្រើន ដែល​បណ្តាលមកពី​វិធានការ​ទាក់ទង​នឹង​ជំងឺ​កូ​វីដ ​១៩​។ កន្លងមក​ក្រៅពី​ការ​​នាំចេញ​ដោយផ្ទាល់​ទៅ​ប្រទេស​ចិន ផ្លែស្វាយ​ស្រស់​កម្ពុជា​មួយចំនួន​ក៏បាន​ចេញ​តាម​ច្រក​ប្រទេស​វៀតណាម និង​បន្តទៅ​ប្រទេស​ចិន​ផងដែរ ប៉ុន្តែ​នៅពេល​ប្រទេស​ចិន​រឹតបន្តឹង​លើ​ចរាចរណ៍​ទំនិញ តាម​ព្រំដែន​ជា​មួយ​វៀតណាម លំហូរ​តាមរយៈ​ច្រក​មួយ​នេះ​ក៏​ជាប់គាំង​ដែរ​។​

លោក ហ៊ុន ឡាក់ បានលើកឡើងបន្ថែមថា ក្រៅពី​កត្តា​ទីផ្សារ​នាំចេញ ទិន្នផល​ផ្លែ​ស្វាយ​ឆ្នាំ​ ២០២២ ក៏​ជួប​បញ្ហា​ដោយសារ​ការធ្លាក់​ភ្លៀង​ច្រើន​ផងដែរ​។ លោក​បាន​បន្ថែមថា​៖ «​ឧបសគ្គ​ទីផ្សារ​នាំចេញ ​(​ប្រ​ទេស​ចិន​) គឺជា​មូលហេតុ​ធំជាងគេ​ដែល​ធ្វើឱ្យ​បរិមាណ​នាំចេញ​ផ្លែស្វាយ​ស្រស់​ធ្លាក់ចុះ​ច្រើន​ក្នុង​ឆ្នាំ​ ២០២២»​។​

​ដោយឡែក​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា កន្លងទៅ​ក៏ធ្លាប់បាន​អះអាងថា​ ដោយ​សារ​ផលិតផល​កសិកម្ម​មួយចំនួន​ដូចជា ផ្លែស្វាយ និង​ចេក ពឹង​ផ្អែកលើ​ទីផ្សារ​ប្រទេស​ចិន​ខ្លាំង ដូច្នេះ​នៅពេល​ប្រទេស​ចិន​រឹតបន្តឹង​លើ​ការ​នាំចូល​ទំនិញ វា​ប្រាកដជា​ធ្វើឱ្យ​ការនាំចេញ​ធ្លាក់​​ចុះ​។ ទោះយ៉ាងណា នៅពេល​ស្ថានភាព​ទីផ្សារ​ចិន​ល្អប្រសើរ ការនាំចេញ​អាច​នឹង​ហក់​ឡើង​កាន់តែ​ខ្ពស់ ព្រោះ​ចិន​គឺជា​ទីផ្សារ​ធំ ហើយ​នៅ​ជិត​ដែល​ងាយ​​ស្រួល​សម្រាប់​ការដឹកជញ្ជូន​។​

លោក​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បា​ននិយាយថា​៖ «​ការចូល​ជា​ធរមាន​ជា​បន្តបន្ទាប់​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទាំង​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី នឹង​ជួយ​ធ្វើឱ្យ​កសិផល​កម្ពុ​ជាមាន​ទីផ្សា​រ​កាន់តែច្រើន​នាពេលខាងមុខ​»​។

​ទោះយ៉ាងណា ដោយសារ​រដ្ឋាភិបាល​ចិន​ប្រកាស​ដក​​ចេញ​នូវ​វិធានការ​រឹត​ត្បឹ​ត​ទាក់​ទង​នឹង​ជំងឺ​កូ​វីដ​ ១៩ ចាប់ពី​ថ្ងៃទី ​៨ ខែមករា ឆ្នាំ ២០២៣ ការ​នាំចេញ​ផ្លែស្វាយ​ស្រស់ ព្រមទាំង​ផលិតផល​កសិកម្ម​ជាច្រើន​ទៀត​ទៅ​ប្រទេស​ចិន នឹងមាន​សម្ទុះ​ឡើងវិញ​ក្នុង​ឆ្នាំ​ ២០២៣ នេះ​៕

ដោយ៖ សហការី


ចែករំលែក៖