ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Ford Ranger បើកបុកសត្វគោងាប់មួយក្បាលរបួសមួយក្បាលនៅផ្លូវបុរីអង្គរ

ចែករំលែក៖

ភ្នំពេញ​ ៖​ សត្វគោចំនួនពីរក្បាល​បានដើរឆ្លងផ្លូវ ត្រូវរថយន្ត Ford Ranger បើកបុកពេញទំហឹងបណ្ដាលឱ្យមេគោមួយក្បាលងាប់នៅនឹងកន្លែងកើតហេតុ​ ចំណែកកូនគោរងរបួសជើងម្ខាង។​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៣​ នៅតាមបណ្ដោយផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តម៉ាក​ Ford Rangerមួយគ្រឿង​ ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ2BL-4647​ បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង  លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកសត្វគោចំនួនពីរក្បាល មេមួយ​និងកូនមួយ​ ខណៈដែលសត្វគោទាំងនេះកំពុងដើរឆ្លងផ្លូវ បណ្ដាលឱ្យមេគោងាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ​ ចំណែកកូនគោរងរបួសជើងម្ខាង។​ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដើម្បីធ្វើការសួរនាំរកម្ចាស់គោតែមិនឃេីញមកសោះ​ ដោយរង់ចាំយូរទៅៗ ខាងម្ចាស់រថយន្តបានប្រគល់សត្វគោជូនសមត្ថកិច្ច​ រួចក៏បានបើករថយន្តទៅផ្ទះបាត់ទៅ ។ ចំណែកសត្វគោ​ត្រូវបានសមត្ថកិច្ចយករថយន្តមកដឹកយកទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ រង់ចាំម្ចាស់គោមកធ្វើការដោះស្រាយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖