ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញសាកសពបុរសម្នាក់ទៀត នៅលើអគារកាស៊ីណូដែលឆាបឆេះនៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រកឃើញសាកសពបុរសម្នាក់ ទៀត នៅលើអគារកាស៊ីណូដែលឆាបឆេះនៅក្រុងប៉ោយប៉ែត នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅជាន់ ទី១០ ខណៈដែលក្រុមការងារជំនាញកំពុងតែធ្វើការរុះរើសំណល់អគារ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា  សពជនរងគ្រោះមានឈ្មោះ Chavivat peechapol ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AB1916225។

ក្រោយធ្វើកោសល្យវិច័យលទ្ធផលបង្ហាញថា សពជន រងគ្រោះពិតជាបានស្លាប់បាត់បង់ជីវិតដោយសារឈ្លក់ ផ្សែងភ្លើង។ 

លោកអធិការបញ្ជាក់ថា សាកសពត្រូវបានរៀបចំរក្សាទុកក្នុងបន្ទប់រក្សាសាកសពនៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីទាក់ទងទៅកាន់សាច់ញាតិតាមរយៈអាជ្ញាធរថៃឲ្យមកទទួលយកសពទៅធ្វើបុណ្យនៅស្រុកកំណើត។

គួរបញ្ជាក់ថា កាលពីយប់វេលាម៉ោង១១និង៤៥នាទី ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ អគ្គិភ័យបានឆាបឆេះអគារកាស៊ីណូទ្រង់ទ្រាយធំ ដែលមិនធ្លាប់មាន បានឆាបឆេះអគារអស់ចំនួន៤ ឆេះក្នុងនោះអគារ ៣ឆេះទាំងស្រុង របស់ក្រុមហ៊ុនកាស៊ីណូហ្គ្រេនដាយអឹមិនស៊ីធី និងអគារកាស៊ីណូប៉ោយប៉ែតរីសត ដែលបានជួយសង្គ្រោះមនុស្សដែលជាប់គាំងនៅលើអាគារពេលកំពុងកើតហេតុបាន៥៧នាក់ និងក្រុមការងាររុករក កម្ពុជានិងថៃបានធ្វើការរុករកជិត៤០ម៉ោង រកឃើញសពចំនួន២៦នាក់ ដែលមានជនជាតិ ថៃ ឥណ្ឌូនេស៊ី ចិន នេប៉ាល់៕

ដោយ៖ សូរិយា


ចែករំលែក៖