ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវដល់ណាតូត្រូវតែនិយាយ៩ ធ្វើ១០ ក្នុងករណីអ៊ុយក្រែនចូលជាសមាជិកក្រុមនេះ

ចែករំលែក៖

ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានអំពាវនាវដល់អង្គការណាតូអនុវត្តទៅតាមអ្វីដែលខ្លួនបានសន្យាក្នុងការដាក់បញ្ជូលអ៊ុយក្រែនជាសមាជិកនៃសម្ព័ន្ធយោធាណាតូ។ លោកបានអំពាវនាវដល់អង្គការនេះធ្វើសកម្មភាពច្រើនជាងការនិយាយ។
កាលពីខែកញ្ញា ឆ្នាំ២០២២ អ៊ុយក្រែនបានដាក់លិខិតសុំចូលជាសមាជិករបស់ណាតូ ក្រោយរយៈពេល៧ខែដែលរុស្ស៊ីបានបើកការវាយប្រហារទៅលើប្រទេសនេះ ។ អង្គការណាតូបានប្រកាសថា នឹងបើកទ្វាររង់ចាំស្វាគមន៍អ៊ុយក្រែនចូលជាសមាជិក ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានសកម្មភាពណាមួយដាក់បញ្ជូលអ៊ុយក្រែននៅឡើយទេ។
នៅពេលនេះដែរ អ៊ុយក្រែន ទទូចចង់បានមីស៊ីលរយៈចម្ងាយឆ្ងាយ និងរថក្រោះធុនធ្ងន់ដើម្បីយកឈ្នះរុស្ស៉ីក្នុងឆ្នាំ២០២៣នេះ។ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Mykhaylo Podolyak បាននិយាយថា អ៊ុយក្រែនអាចនឹងទទួលបានជ័យជម្នះលើរុស្ស៉ី នៅក្នុងឆ្នាំ២០២៣នេះ ប្រសិនបើខ្លួនទទួលបានអាវុធបន្ថែមពីលោកខាងលិច ជាពិសេសគឺមីស៊ីលរយៈចម្ងាយឆ្ងាយនិងរថក្រោះធុនធ្ងន់។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។
នៅក្នុងបទសម្ភាសន៍ជាមួយ AFP នៅថ្ងៃពុធសប្ដាហ៍នេះ លោក ប៉ូដុលយ៉ាក់ ក៏បានបញ្ជាក់ដែរថាប្រសិនបើមិនមានអាវុធទាំងនេះទេ នោះសង្រ្គាមអាចនឹងអូសបន្លាយ ដល់រាប់ទសវត្សរ៍ ខណៈដែលការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមកំពុងកើតឡើងនៅក្នុងទីក្រុងបាកមូត (Bakhmut) និងទីក្រុងសូឡេដា (Soledar) ស្ថិតនៅភាគខាងកើតនៃប្រទេស។ លោកប៉ូដុលយ៉ាក់ បានសង្កត់ធ្ងន់បន្ថែមដូច្នេះថា «មានតែមីស៊ីលដែលអាចបាញ់បានចម្ងាយ១០០គីឡូម៉ែត្រទេ»៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Reuters


ចែករំលែក៖