ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ ប្រេីហិង្សាវាយប្រពន្ធតាមដងផ្លូវ​ ត្រូវ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បេី​យោង​តាមប្រភពព័ត៌មានពី​មន្រ្តី​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលអធិការក្រុងព្រះសីហនុ និងកម្លាំងនគរបាលមូលដ្ឋាន​ ចុះអន្តរាគមន៍​ និងបានឃាត់ខ្លួន​បុរសម្នាក់​ ដែលប្រេីហិង្សាវាយប្រពន្ធតាមដងផ្លូវ​ យកមកអធិការដ្ឋាននគរបាលក្រុង​ ដេីម្បី​បន្តនីតិវិធី​ច្បាប់​។ 

របាយការណ៍ដដែល​បន្តថា​ ជនរងគ្រោះមានឈ្មោះ ចេង​ ស្រីនាង​ ភេទ​ ស្រី​ អាយុ​ ២៨ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ ដេីរលក់ម្ជូរតាមឆ្នេរ​ ស្នាក់នៅភូមិ២​ សង្កាត់លេខ៤​ ក្រុង-ខេត្តព្រះសីហនុ ​។ 

​ជនសង្ស័យ​​មានឈ្មោះ ស៊ន​ ទី​ ភេទ​ ប្រុស​ អាយុ​ ៤០ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ សន្តិសុខ​ កាស៊ីណូ​ ទីហាវ​ ស្នាក់នៅអគារបុគ្គលិក​ កាស៊ីណូ​ទីហាវ​ ភូមិ​២​ សង្កាត់លេខ​៤​ ក្រុង-ខេត្តព្រះសីហនុ​ ។ 

ប្រភពដដែលបន្តថា​ មានករណី​អំពេីហិង្សា​មួយកេីតឡេីង​ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បង្កដោយជនសង្ស័យ​ត្រូវជាប្តី(គ្មានសំបុត្រអាពាហ៍ពិពាហ៍)​ បានវាយទៅលេីប្រពន្ធជាជនរងគ្រោះ​នៅតាមផ្លូវទីសាធារណៈ​ ស្ថិតនៅ​ផ្លូវចូលសាលាឡាយហ៍​ ក្រុម៤​ ភូមិ៣​ សង្កាត់លេខ៣​ ក្រុង-ខេត្ត​ព្រះសីហនុ​ ដោយទះកំភ្លៀងជនរងគ្រោះ​ចំនួន​០២ដៃ​ រួចចាប់បោកដួលលេីដី​ សង្កត់ក្បាលលេីដី​ និងទាញអាវ​ និងមានរបួសស្នាមលេីខ្នង ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងនគរបាលអធិការក្រុងព្រះសីហនុ ចុះទៅ​ឃាត់ខ្លួន​តែម្តង​។ 

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង​ ដេីម្បីធ្វេីការសាកសួរ​និងចាត់ការតាមនីតិវិធី ច្បាប់ ៕ ដោយ​៖សហការី​


ចែករំលែក៖