អ្វីដែលជាការទន្ទឹងរងចាំនៃការបង្ហាញវត្តមានរបស់កញ្ញាឯកចក្រវាឡកម្ពុជា ២០២២ ឡើងលើឆាកប្រកួតផ្លូវការបានមកដល់ហើយនៅរាត្រីថ្ងៃទី១១ ខែមករាឆ្នាំ ២០២៣នេះ ត្រូវនឹងម៉ោង៨ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៣។ ការបង្ហាញមុខរបស់បេក្ខភាពកំពូលសម្រស់មកពីជុំវិញពិភពលោកនេះ ត្រូវបានធ្វើឡើងក្នុងវគ្គប្រកួតបឋម ដែលមានការបង្ហាញមុខ ជាផ្លូវការ ការប្រកួតឈុតហែលទឹក ការដើរបង្ហាញម៉ូតជាមួយឈុតរាត្រីសមោស និងការបង្ហាញមុខក្នុងឈុតតំណាងជាតិ។ បេក្ខភាពវ័យ២២ ឆ្នាំ ពីកម្ពុជា កញ្ញា ហង្ស ម៉ានីតា ត្រូវបានអ្នកគាំទ្រពេញចិត្តជាខ្លាំងជាមួយនឹងការបង្ហាញមុខលើកឆាកប្រកួតសម្រស់អន្តរជាតិដ៏ធំសម្បើមមួយនេះ។ អ្វីដែលចាប់អារម្មណ៍អមដោយឈុតហែលទឹកគឺនាងបានភ្ជាប់ដោយស្បៃរូបផ្ការំដួលពណ៌លឿងឆ្អិនឆ្អៅ និងស្នាមបាតដៃកុមារពីកម្ពុជា ផងដែរ។ ក្នុងនោះដែរ ការបង្ហាញម៉ូតជាមួយឈុតសមោស ត្រូវបានឆ្នៃដោយអ្នកកាត់ដេរល្បីឈ្មោះលំដាប់អន្តរជាតិ ពីហ្វីលីពីន ដែលមើលទៅនាងកាន់តែស្អាតប្លែកគួរឲ្យចាប់អារម្មណ៍។ ឈុតតំណាងជាតិ នាងក៏បានបង្ហាញនៅលើឆាកបានយ៉ាងល្អ និងគួរឲ្យចាប់អារម្មណ៍ដែរ។ ឈុតនេះមានឈ្មោះថា រុក្ខទេពធីតា ដែលតាមក្រុមអ្នកជំនាញបានលើកឡើងថាជាឈុតច្នៃបែបសហសម័យរួមបញ្ជូលសិល្បៈបុរេប្រវត្តិសាស្ត្រ នរគភ្នំ និងអង្គរ បានដកស្រង់តាមរឿងនិទានក្នុងព្រះពុទ្ធសាសនា ៕
ដោយ៖ វឌ្ឍនា