ព័ត៌មានទាន់ហេតុការណ៍៖

ចោរប្លន់កុងតឺន័រដឹកស្ពាន់ចំនួន ១២គ្រឿងរបស់សាជីវកម្មរដ្ឋឈីលី

ចែករំលែក៖

ប្រទេសឈីលីកំពុងស៊ើបអង្កេតករណីប្លន់ដោយហិង្សានៅឯកំពង់ផែសំខាន់នៃទីក្រុង San Antonio ដែលជាកន្លែងផ្ទុកកុងតឺន័រដឹកស្ពាន់ចំនួន១២កុងតឺន័រ ដែលជាកម្មសិទ្ធិរបស់សាជីវកម្ម Codelco ដែលគ្រប់គ្រងដោយរដ្ឋ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានរដ្ឋអាជ្ញាលោក Juan Carlos Catalan បាននិយាយថា ចោរប្រដាប់អាវុធចំនួន ១០នាក់បានលួចចូលទៅក្នុងកំពង់ផែ San Antonio នៅព្រឹកព្រលឹមថ្ងៃទី១០ ខែមករា បានវាយប្រហារកម្មករ និងបានយកកុងតឺន័រចំនួន១៣ ក្នុងនោះមាន១២កុងតឺន័រ ដែលមានផ្ទុកទង់ដែង(ស្ពាន់)។
លោកបាននិយាយថា សន្តិសុខម្នាក់ និងកម្មករបួននាក់ត្រូវបានវាយខ្នោះ ហើយក្រោយការប្លន់រួចក៏បានដោះលែងវិញ ក្រុមកម្មករបានប្រាប់សមត្ថកិច្ច។
អាជ្ញាធរឈីលីកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ ដោយពិនិត្យមើលរូបភាពនៃការគ្រប់គ្រងសន្តិសុខកំពង់ផែ ប៉ុន្តែមិនទាន់បានចាប់ខ្លួនជនសង្ស័យណាម្នាក់នៅឡើយទេ។ ក្រុមហ៊ុន Codelco Group បាននិយាយថា កុងតឺន័រដែលបានលួចនោះមានតម្លៃគិតជាទឹកប្រាក់ ៤,៤ លានដុល្លារ។
នេះជាការប្លន់ទង់ដែងដ៏ធំបំផុតចាប់តាំងពីការប្លន់នៅភាគខាងជើងប្រទេសឈីលីក្នុងខែតុលាឆ្នាំ 2022 ដែលជំរុញឱ្យអាជ្ញាធររឹតបន្តឹងសន្តិសុខនៅលើរថភ្លើងដែលដឹកទង់ដែងក្រហម។
ការប្លន់ទង់ដែងដាក់សម្ពាធបន្ថែមលើសន្តិសុខក្នុងប្រទេសឈីលីដែលជាប្រទេសផលិតទង់ដែងធំជាងគេរបស់ពិភពលោក។ ក្រុមហ៊ុនរុករករ៉ែនៅក្នុងប្រទេសឈីលីបានត្អូញត្អែរម្តងហើយម្តងទៀតអំពីការលួចទង់ដែងដែលធ្វើឡើងដោយក្រុមក្មេងទំនើង ។
អាជ្ញាធរបានស្តីបន្ទោសអង្គការឧក្រិដ្ឋជនអន្តរជាតិចំពោះការប្លន់ទង់ដែងនៅលើរថភ្លើង ខណៈដែលប៉ូលិសបាននិយាយថា ការប្លន់កំពង់ផែអាចធ្វើឡើងដោយក្រុមក្មេងទំនើងក្នុងស្រុក៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ REUTERS​


ចែករំលែក៖