ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតក្នុងទឹកស្រះមួយកន្លែងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្រុម២១ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
អ្នកស្រី នួន លាភ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល (ត្រូវជាម្ដាយបង្កើតរបស់សាកសព)បានបំភ្លឺថា៖ កូនប្រុសរបស់គាត់ឈ្មោះ ព្រឿន ឈីនលីន ភេទប្រុស អាយុ២៩ឆ្នាំ ហើយបានបាត់ខ្លួនចំនួន០៣ថ្ងៃមកហើយ ពេលនោះរូបគាត់និងកូនៗបានដើររកដែរតែរកមិនឃើញ ដោយសារតែកូនរបស់គាត់តែងតែផឹកស្រាស្រវឹងរាល់ថ្ងៃ លុះដល់ថ្ងៃកើតហេតុក៏ស្រាប់តែមានប្រជាពលរដ្ឋនៅក្នុងភូមិដែលមានផ្ទះក្បែរគ្នាបានស្រែកប្រាប់គាត់ថា អាលីនវាលង់ទឹកស្លាប់នៅក្នុងស្រះមុខផ្ទះហើយ ពេលនោះគាត់ក៏បានដើរទៅមើលឃើញសាកសពកូនរបស់គាត់អណ្ដែតទឹក។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ បានចុះទៅពិនិត្យទីកន្លែងកើតហេតុ និងសាកសពព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ហើយក្រុមការងារបានធ្វើការសន្និដ្ឋានថា សពឈ្មោះព្រឿន ឈីនលីន ពិតជាស្លាប់ដោសារលង់ទឹក(ថប់ផ្លូវដង្ហើម)ប្រាកដមែនមូលហេតុជនរងគ្រោះស្រវឹងស្រាដើររអិលជើងធ្លាក់ពីលើស្ពានចូលក្នុងស្រះ បណ្ដាលឱ្យលង់ទឹកស្លាប់៕
ដោយ៖ចន្ទ លីហ្សា