ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប្រចាំបញ្ជា១១៧ ចុះជួយអន្តរាគមន៍ករណី ”គំរាមសម្លាប់តាមឆាតទូរស័ព្ទ”​

ចែករំលែក៖

ខេត្ត​កោះកុង ​៖​ យោងតាម​របាយការណ៍​របស់​ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀល​ថ្ងៃ​សុក្រ​ទី​១៣​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ សមត្ថកិច្ចប្រចាំបញ្ជា១១៧ កាលពីម្សិលមិញនេះ​ បានទទួលព័ត៌មានពីករណី “គំរាមសម្លាប់តាមឆាតទូរស័ព្ទ” ជនជាតិចិនឈ្មោះ យ៉ាវ ជានជីង ភេទប្រុស អាយុ ៤៥ឆ្នាំ បានឆាតខលតាមទូរស័ព្ទមកគម្រាមសម្លាប់ ឈ្មោះ វ៉ង សៀង ភេទប្រុស អាយុ ៣៥ឆ្នាំ ជាជនជាតិចិន ដែលស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា​ ខេត្តកោះកុង​ ។ 

របាយការណ៍​ដដែល​បន្តថា​ ក្រោយទទួលបានដំណឹងភ្លាម​ នៅវេលាម៉ោង ១០​ និង៣៩នាទីថ្ងៃទី១៣​ មករា​នេះ សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកអនុសេនីយ៍ឯក ឡុង សិរីវុធ បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ជា នៃស្នងការដ្ឋាននគរបាល ខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី មាស អេលីន ស្នងការរងខេត្ត ដើម្បីអន្តរាគមន៍បន្ទាន់។

ជាក់ស្ដែង​ជាលទ្ធផល៖ ក្រោយបានទទួលព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ជាភ្លាម លោកវរសេនីយ៍ឯក លឹម សែងច័ន្ទ អធិការនគរបាលស្រុកបណ្ឌលសីមា បានចាត់ឱ្យ​កម្លាំងជំនាញកោះអញ្ជើញជនជាតិចិនឈ្មោះ វ៉ង សៀង ភេទប្រុស អាយុ៣៥ឆ្នាំ មកសាកសួរដំណើររឿង ថាមានបុរសជនជាតិចិនឈ្មោះ យ៉ាវ ជានជីង អាយុ៤៥ឆ្នាំ បានឆាតខលតាមទូរស័ព្ទមកគម្រាមសម្លាប់គាត់ ។ 

គួរបញ្ជាក់ថា​ មូលហេតុ៖ គឺឈ្មោះយ៉ាវ ជានជីង ខឹងនឹងឈ្មោះ វ៉ង សៀង បានរាយការណ៍ ទៅក្រុមហ៊ុនលក់ទំនិញចិនថា ឈ្មោះយ៉ាវ ជានជីង យក ទំនិញមកមិនបានបង់ពន្ធ ធ្វើឱ្យក្រុមហ៊ុនចិនផាកពិន័យជាប្រាក់ ។ 

បច្ចុប្បន្ន​សមត្ថកិច្ចទទួលពាក្យបណ្ដឹង ពីជនរងគ្រោះ ដើម្បីឈានរកការចាប់ឃាត់ខ្លួនជនល្មើសតាមនីតិវិធី(ជនល្មើសកំពុងគេចខ្លួន) ។ ករណីនេះមជ្ឈមណ្ឌលប្រចាំបញ្ជាបានទទួលរបាយការណ៍ឆ្លើយតបពីប្រចាំបញ្ជានៃស្នងការដ្ឋាននគរបាល ខេត្តកោះកុង នៅវេលាម៉ោង ១២​ និង២៩នាទី នាថ្ងៃ-ខែ-ឆ្នាំដដែល ៕

ដោយ​៖សហការី​


ចែករំលែក៖