ខេត្តស្វាយរៀង៖ ផ្ទះមួយខ្នងដែលមានទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះចេញមកជួយដងទឹកជះពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន តែអកុសលយឹតពេលទៅហើយ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ខែមករា ២០២៣ នៅភូមិកំពង់ថ្នា ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ កែវ អឿន ភេទប្រុស អាយុ៦៤ឆ្នាំ នៅភូមិកំពង់ថ្នា ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។
ចំពោះសម្ភារដែលខូចខាតរួមមាន៖
ផ្ទះទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ សង់ពីឈើជញ្ជាំងស្លឹកត្នោត ប្រក់សង្ក័សី ខូចខាតទាំងស្រុង, ម៉ាស៊ីនកិនស្រូវខ្នាតតូច០១គ្រឿង, មាស០៥ហ៊ុន, លុយខ្មែរ ៦០០.០០០រៀល, សម្ភារប្រើប្រាស់ ខោអាវត្រូវឆេះទាំងអស់, ម៉ូតូ១គ្រឿងឆេះផ្នែកខាងមុខ, ស្រូវ០៤ការុង, សាំង ៥លីត្រ, ចង្ក្រានហ្គាសនិងធុងហ្គាសធំ ០១។
ប្រភពបន្តថា មូលហេតុដោយសារផ្ទុះឆ្លងចរន្តភ្លើងអាគុយសូឡាដែលដាក់ក្រោមផ្ទះ ទើបបណ្ដាលឱ្យឆាបឆេះបែបនេះ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ៕
ដោយ៖ សុថាន