យោធាអ៊ុយក្រែនបានសារភាពថាបានចាកចេញពីទីក្រុង Soledar ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ដែលប្រកាសខ្លួនឯង។
សារព័ត៌មាន Strana.ua នៅថ្ងៃទី ១៥ ខែមករាបានផ្សាយថា “មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានកាន់កាប់តំបន់ឧស្សាហកម្មនៅជិតអណ្តូងរ៉ែទី៧ នៅទីក្រុង Soledar ដែលពីមុនត្រូវបានកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន” ។
ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបន្តបដិសេធរបាយការណ៍ដែលទីក្រុង Soledar ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធារុស្ស៊ី ដោយនិយាយថា ការប្រយុទ្ធគ្នាត្រូវបានគេជឿថា “នៅតែបន្ត”។
យោងតាមក្រសួងការពារជាតិរុស្ស៊ី ការរំដោះ Soledar នឹងកាត់ផ្តាច់ខ្សែផ្គត់ផ្គង់របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅទីក្រុង Artemovsk ហើយធ្វើឱ្យកងទ័ពអ៊ុយក្រែនស្ថិតក្នុងស្ថានភាពលំបាក។
នៅពេលនេះដែរ ទូរទស្សន៍ CNN បានផ្សាយថា អ៊ុយក្រែនបានក្លាយជាមន្ទីរពិសោធន៍សម្រាប់សាកល្បងអាវុធលោកខាងលិច ។ ប្រភពស៊ើបការណ៍លោកខាងលិចបានប្រាប់ CNN ថា “ទាំងនេះគឺជាការធ្វើតេស្តប្រយុទ្ធក្នុងពិភពពិត” ។
យោងតាមប្រភពដដែលបានលើកឡើងទៀតថា គ្មានអាវុធលោកខាងលិចណាមួយត្រូវបានប្រើប្រាស់ពីមុនមកទេនៅក្នុងជម្លោះរវាងប្រទេសទាំងពីរ ដូច្នេះអ៊ុយក្រែនបានក្លាយទៅជា “មន្ទីរពិសោធន៍អាវុធគ្រប់ប្រភេទ”។
CNN បានដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ដែលដឹងពីស្ថានភាពនៅសមរភូមិ និងសិក្សាពីក្រុមទីប្រឹក្សាអង់គ្លេសថា សម្រាប់មន្ទីរប៉ង់តាហ្គោន ជម្លោះអ៊ុយក្រែនបានក្លាយជាប្រភពនៃព័ត៌មានដ៏ធំសម្បើមនៃប្រព័ន្ធអាវុធរបស់អាមេរិក៕ ដោយ៖ ធីរីណា
រូបថត ៖ vietnamnet.vn