ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​រស់នៅមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ១​ កំពុង​តែព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគាត់​ ខណៈ​ក្រុមក្មេងទំនើងបង្កការ​អុកឡុក​

ចែករំលែក៖

ភ្នំពេញ​​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​វីដេអូ​ឃ្លីប​ដែល​បង្ហោះចែកចាយពេញលើបណ្តាញសង្គមហ្វេសប៊ុកអំពីសកម្មភាព​ ក្រុម​ក្មេង​ទំនើង​មួយ​ក្រុមមានគ្នាប្រមាណជាង២០នាក់​ ជិះម៉ូតូ​ជិត ២០​គ្រឿង​បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​ទៅ​គប់​បំផ្លាញ​ហាង​កាហ្វេមួយកន្លែង​​​ យ៉ាងសាហាវ និងអនាធិបតេយ្យ បង្កឱ្យបង​ប្អូន​ពលរដ្ឋ​រស់​នៅ​ក្បែរតំបន់​ ក៏ដូចជាអ្នកដែលបានឃើញការបង្ហោះ មានការ​​ភ័យ​ខ្លាច​ជា​ខ្លាំង​អំពី​សកម្មភាព​ទំនើង​​ និង​អសន្តិសុខទាំងអស់នេះ​។

ជាក់ស្ដែង​សកម្មភាពនេះ យោង​តាម​រយៈ​កាមេ​រ៉ា​សុវត្ថិភាព​នៅ​ទល់​មុខ​ចំណុច​កើត​ហេតុ​ ដែលបានកើតឡើងកាលពីវេលាម៉ោង២១ និង៣៩នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅ​ចំណុច​ហាងកាហ្វេមួយកន្លែ​ង​​ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិទ្រា២ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

ផ្អែកតាមគណនេយ្យហ្វេសប៊ុកមួយដែល មានឈ្មោះ Hak បានបង្ហោះវីដេអូរលើបណ្តាញសង្គម​ អំពី​សក​ម្មភាពខាងលើ ដោយបានសរសេរភ្ជាប់នឹងខ្លឹមសារថា៖​ “មុននេះបន្តិចវេលាម៉ោង​ ២១:៣៩នាទីយប់​ មាន​ករណី​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ជិត​ ២០​ម៉ូតូ​បាន​នាំ​គ្នាជិះ​មក​គប់​ហាង​កាហ្វេមួ​យ​កន្លែងនៅភូមិទ្រា២​ សង្កាត់​ស្ទឹង​មានជ័យ​១​ ខណ្ឌមានជ័យ​ សូម​អាជ្ញាធរ​ជួយ​តាម​ដាន​ស្រាវជ្រាវ​ករណីនេះផង។”

ក្រោយមានការបង្ហោះវីដេអូទាំងនេះរួចមក ឃើញថា មានពលរដ្ឋជាច្រើន បានចូលទៅធ្វើការ Comment និង share ចែករំលែកជាបន្តបន្ទាប់ ដោយសម្តែងនូវការព្រួយបារម្ភ និងភ័យខ្លាច ព្រោះ​ខ្លាច​សកម្មភាពនេះ អាចកើតឡើង លើរូបខ្លួនដោយយថាហេតុនៅថ្ងៃណាមួយ ។ ក្នុងនោះ ក៏​មានពលរដ្ឋជាច្រើនចូលទៅសម្តែងមតិ ដោយស្នើឱ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ មេត្តា​ជួយ​ស្រាវ​ជ្រាវ​តាម​ចាប់ក្រុមខាងលើ យកទៅផ្តន្ទាទោស ផងដែរ ជៀស​វៀង​ទុក​ឱ្យពួក​គេ​នៅ​មាន​សេរីភាព ដើរអុកឡុក ដល់ពលរដ្ឋស្លូតត្រង់ដទៃផ្សេងទៀតនៅក្នុងសង្គម ។

ជុំវិញករណីខាងលេីនេះ​ លោកវរសេនីយ៍ឯក​ អ៊ុក បូនីន​ អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ មករា ឆ្នាំ២០២៣នេះថា ករណីនេះ លោកទទួលបានហើយ ហើយ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាននគរបាល ក៏នឹងកំពុងបើកការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា ក្នុង​ការ​តាម​ចាប់​ក្រុម​ខាងលើយកមកអនុវត្តទោសទណ្ឌនៅពេលខាងមុខផងដែរ ។

គួរបញ្ជាក់ថា ជុំវិញករណីដដែលនេះ គេសង្គេតឃើញ គណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួន​ របស់​លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ បានបង្ហោះកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដោយ​មាន​សរសេរខ្លឹមសារថា “បើបងប្អូនខ្ញុំ គេងមិនលក់ នៅមិនសុខ ខ្ញុំក៏ដូចបងប្អូនដែរ ក្នុង​នាម​ជា​អភិបាល​ខណ្ឌ ១រូបដែលគ្រប់គ្រង នៃខណ្ឌមានជ័យនេះ ខ្ញុំសូមប្រកាស​ជា​សាធារណៈ​ដល់​បងប្អូន..កងកំលាំងគ្រប់ប្រភេទក្នុងខណ្ឌយើង ឱ្យចេញ​តាម​ចាប់​ជន​ល្មើស​ទាំង​នេះ​មិន​គិត​ថា​ជា​កូននាក់ណាក៏​ដោយត្រូវចាប់យកមកសាលាខណ្ឌមានជ័យ ខ្ញុំបាទ​នឹង​ផ្តល់​ជូន​ជា​ថវិកា​លើក​ចិត្ត​ចំនួន ៥,០០០,០០០រៀល ដល់បងប្អូនយើងដែលចាប់បានជនបង្កទាំងអស់នេះនៅសង្កាត់​ស្ទឹងមានជ័យ​ទី​២​ ខណ្ឌ​មានជ័យ​ រាជធានីភ្នំពេញ ។”

បើទោះជារៀងរាល់ថ្ងៃគេតែងសង្គេតឃើញ មានកងកម្លាំងសមត្ថកិច្ច និង​ក្រុម​អាជ្ញាធរខណ្ឌមានជ័យ នៅបន្តសកម្ម​ភាព​ចុះ​ល្បាត​ពួន​ស្ទាក់​ជា​ប្រចាំ​ក្នុង​មូល​ដ្ឋាន​ ដើម្បី​ការពារ​សន្តិសុខសុវត្ថិភាពជូនពលរដ្ឋក៏ដោយ ក៏សកម្មភាពក្មេងទំនើង និងអសន្តិសុខមួយចំនួន នៅតែ​បន្ត​កើតមានដដែល ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី១ មិនថា អំពើលួច ឆក់ ហិង្សា ឬ​ក្មេងទំនើងនោះឡើយ ជាក់ស្តែងដូចករណីខាងលើ ដែលមិនមែនជាលើកទី១នោះឡើយ ។

គួរជម្រាបផងដែរថា​​ មូលដ្ឋាន​សង្កាត់ស្ទឹងមានជ័យទី១ គឺជាភូមិសាស្ត្រមានលក្ខណៈតំបន់ស្មុគស្មាញច្រើន ពិសេស​នៅ​តំបន់​ភូមិមច្ឆា ក្រោយវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យតែម្តង គឺជាតំបន់ប្រមូលផ្តុំទៅ ដោយ​ក្មេង​ទំនើង និងក៏ជាតំបន់ដែលសកម្មបំផុត ក្នុងការចែកចាយគ្រឿងញៀនផងដែរ ៕

IMG_8474 IMG_8476 IMG_8475

ដោយ​៖សហការី​


ចែករំលែក៖