ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាវៀតណាម អបអរសាទរពិធីចូលឆ្នាំថ្មី!

ចែករំលែក៖

ភ្នំពេញ ៖ នាឱកាសដែលប្រជាជនវៀតណាម ត្រៀមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ  នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូទៅជូនពរ លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម និងលោកវរសេនីយ៍បម្រុង ត្រាន់ វ៉ាន់តឹម ប្រធានអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា នាថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣នេះ។ 

ក្នុងបរិយាកាសស្និទ្ធស្នាល  នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានជូនពរជ័យដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម ព្រមទាំងមន្ត្រី បុគ្គលិក អនុព័ន្ធយោធា កំពុងបម្រើការនៅកម្ពុជា និងក្រុមគ្រួសារ សូមទទួលបានសេរីសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ ចម្រើនរុងរឿង និងទទួលបានជ័យជំនះគ្រប់ភារកិច្ចក្នុងឆ្នាំថ្មី។

 នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងប្រទេសកម្ពុជា និងវៀតណាម ដែលបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងក្នុងនាមប្រទេសជិតខាងល្អ មានចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ធ្លាប់ជួយគ្នា និងគោរពគ្នាទៅវិញទៅមក។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអរគុណចំពោះកងទ័ពប្រជាជនវៀតណាម ដែលបានជួយរំដោះមាតុភូមិកម្ពុជាពីរបបប្រល័យពូជសាសន៍ នាថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ និងការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ធ្វើឲ្យកម្ពុជារស់ឡើងវិញ និងមានការរីកចម្រើន ស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនៅលើសាកលលោក។

លោក បញ្ជាក់ថា បច្ចុប្បន្នវៀតណាមនៅបានបន្តជួយឧបត្ថម្ភដល់កម្ពុជា ទាំងស្មារតី សម្ភារៈ ថវិកា ក្នុងនោះ លើវិស័យយោធាវៀតណាមបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ជួយកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅបណ្តាយោធភូមិភាគ និងអង្គភាពមួយចំនួនទៀត។  

ជាការឆ្លើយតប លោក ង្វៀន ហ៊ុយតាំង បានសម្តែងនូវការអរគុណចំពោះប្រតិភូអគ្គបញ្ជាការ ដែលមានមនោសញ្ចេតនាស្រឡាញ់រាប់អាន និងផ្ដល់កិត្តិយសមកជូនពរឆ្នាំថ្មីនាឱកាសនេះ ដោយលោកបានគូសបញ្ជាក់ថា នេះជាសក្ខីភាពឆ្លុះបញ្ចាំងពីចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង ក្នុងកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម ដើម្បីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសទាំងពីរ។

លោក ឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលដែលរាជដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្រេចបាន ហើយបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្នុងឆ្នាំថ្មី ២០២៣ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជានឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗថែមទៀត ទាំងវិស័យការពារជាតិ ការកសាង និងការធ្វើកំណែទម្រង់ជាតិ៕

ដោយ : សិលា


ចែករំលែក៖