ព័ត៌មានទាន់ហេតុការណ៍៖

បិទវគ្គហ្វឹកហ្វឺនជំនាញឆ័ត្រយោងជំនាន់ទី ៣៣ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆ័ត្របញ្ជាជំនាន់ទី ៣៤ នៅសាលាហ្វឹកហ្វឺនជំនាញទ័ពពិសេសតេជោសែន ឱរ៉ាល់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេ បញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ អមដំណើរដោយនាយទាហានជាន់ខ្ពស់ ក្នុងអគ្គបញ្ជាការដ្ឋាននិងក្រសួងការពារជាតិជាច្រើនរូបបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆ័ត្រ យោងជំនាន់ទី ៣៣ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆ័ត្របញ្ជាជំនាន់ទី ៣៤ នៅសាលាហ្វឹកហ្វឺនជំនាញទ័ពពិសេសតេជោសែន ឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា នេះគឺជាមោទនភាពរបស់ជាតិ ដែលមានយោធិនជំនាញបន្ថែមទៀតសម្រាប់បន្តវេនបម្រើឲ្យភារកិច្ចការពារប្រទេស និងប្រជាជន ពីព្រោះថា កងទ័ពគឺជាធនធានមនុស្ស ដែលប្រកបដោយមនសិការស្នេហាជាតិ សាសនា ព្រះមហា ក្សត្រ និងមានការប្តេជ្ញាចិត្ត ប្ដូរផ្ដាច់ ការពារបូរណភាព

ទឹកដីព្រមទាំងមានសេចក្តីថ្លៃថ្នូរ សីលធម៌ មនុស្សធម៌ គុណធម៌ជាមួយនឹងការត្រៀមខ្លួនបូជាលះបង់គ្រប់បែប យ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ ជាអាទិ៍ក្នុងប្រតិបត្តិការសង្គ្រោះគ្រោះ មហន្តរាយ បេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការចូលរួមដោះមីនជាដើម ។ ជាជំហានថ្មីមួយទៀតនៃចក្ខុវិស័យ គោលនយោបាយការពារជាតិ គឺការកំណត់យកទិសដៅនៃការធ្វើទំនើបកម្មក្នុងកងទ័ពហើយដំណើរការនៃទំនើបកម្មនេះក្លាយទៅជាផ្នែកមួយ ដ៏សំខាន់បន្ថែមទៀត នៃកិច្ចការកែទម្រង់កងទ័ព ដែលបាននឹងកំពុងអនុវត្តដោយសម្រេចបាននៅសមិទ្ធផលជាច្រើនរួចមកហើយ រហូតមកដល់បច្ចុប្បន្ននេះ ។

ដូច្នេះទាំងយោធាចារ្យ និងសិក្ខាកាម ត្រូវខិតខំបន្តសិក្សាស្រាវជ្រាវដុសខាត់ចំណេះដឹងឲ្យបានជាប់ជាប្រចាំដើម្បី ទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរ ភូមិន្ទ ទាំងក្នុងពេលចំពោះមុខនិងតទៅអនាគត។ ជាពិសេស ខណៈដែលបញ្ហាប្រឈមនឹងការគំរាមកំហែងទាំង ឡាយមានលក្ខណៈកាន់តែស្មុគស្មាញ និងគ្រោះថ្នាក់ ទាំងបញ្ហាសន្តិសុខបែបប្រពៃណី ដូចជាការប្រយុទ្ធរវាងកម្លាំងទល់នឹងកម្លាំង និងបែបមិនប្រពៃណីជាការ វាយ ប្រហារដោយប្រើប្រាស់ប្រព័ន្ធអ៊ីនធឺរណេត និងបច្ចេក វិទ្យាទំនើប បញ្ហាគ្រោះមហន្តរាយ និងជំងឺរាតត្បាតជាដើម ។ 

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ ដែលមានសម្ដេចតេជោ នាយករដ្ឋមន្ត្រី ជាស្ថាបនិក កត្តាសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសង្គមសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ន គឺជាដំណាក់កាលសុខសាន្តមួយ ដែលកើតមានដោយកម្រនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ។ នាយឧត្តមសេនីយ៍បន្ថែមថា សន្តិភាពសំដៅដល់បរិយាកាសគ្របដណ្ដប់ក្រោម ម្លប់ឯកភាពជាតិ និងបូរណភាពទឹកដី ការផ្ដល់នូវសិទ្ធិអំណាចសេរីភាព ដល់ប្រជាពលរដ្ឋ ក្នុងការរស់រានមាន ជីវិត ទទួលបានការអប់រំ និងការប្រកបរបរទទួលទានដោយសេចក្តីសុខសាន្ត គ្មានការព្រួយបារម្ភ ឬភ័យខ្លាចអំពីអំពើអសន្តិសុខ និងសង្គ្រាម ។ 

ទាំងនេះជាសិទ្ធិអំណាច និងក៏ជាសុភមង្គលដែលប្រជា ជនកម្ពុជា ស្រេកឃ្លានទន្ទឹងសុបិន្តចង់បានអស់រយះពេលជាង ៥០០ឆ្នាំមកហើយ ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែបន្តខិតខំរួបរួមគ្នាថែរក្សានៅអំណោយពរជ័យដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះឱ្យបានគង់វង្សយូរអង្វែងតទៅមុខទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖