ព័ត៌មានទាន់ហេតុការណ៍៖

សមុទ្រចិនខាងត្បូងបង្កើនរលកកម្តៅដោយមហាអំណាចចិន អាមេរិកបញ្ជូននាវាផ្ទុកយន្តហោះមកធ្វើសមយុទ្ធ

ចែករំលែក៖

នៅសមុទ្រចិនខាងត្បូង អាមេរិក និងចិនបានបញ្ជូននាវាផ្ទុកយន្តហោះធ្វើសមយុទ្ធយុទ្ធ បង្កឱ្យសមុទ្រចិនខាងត្បូងបង្កើនរលកកម្តៅកាន់តែខ្លាំងឡើង ។ នេះជាសមយុទ្ធយោធាដែលគេហៅថាជាការកាច់កុងគ្នារបស់មហាអំណាចសេដ្ឋកិច្ចទាំងពីរ។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ ២០២៣ បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា កងទ័ពជើងទឹកចិនបានធ្វើសមយុទ្ធជាបន្តបន្ទាប់នៅឯសមុទ្រចិនខាងត្បូង ស្របពេលដែលក្រុមនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក ក៏បានចាប់ផ្តើមការហ្វឹកហ្វឺនវាយប្រហារតាមផ្លូវសមុទ្រ នៅទីតាំងដែនទឹកដ៏រសើបមួយនេះផងដែរ នៅឆ្នាំ២០២៣នេះ។
ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់កងទ័ពរំដោះប្រជាជនចិន (PLA) គេហទំព័រព័ត៌មាន Global Times បានរាយការណ៍កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ក្រុមនាវាយោធាចិនដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង Shandong បានធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង។ សេណារីយ៉ូនៃសមយុទ្ធនោះ គឺដើម្បីឆ្លើយតបការវាយប្រហារពីក្រុមយន្តហោះសត្រូវ ក្រុមយន្តហោះចម្បាំងចិន J-15 បានហោះចេញពីនាវាសានទុង ហើយហ្វឹកហាត់ការស្ទាក់យន្តហោះសត្រូវទាំងនោះ។ ក្រុមនាវាយោធាចិន ក៏បានអនុវត្តការវាយប្រហារ និងការការពារលើផ្ទៃទឹក លើអាកាស និងក្នុងទឹកផងដែរ។
សេចក្តីរាយការណ៍នេះបានកើតឡើងស្របពេលដែលកងទ័ពជើងទឹកអាមេរិកបាននិយាយថា ក្រុមនាវាយោធារបស់ខ្លួន ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង នីមីត្ស៍ (Nimitz) ក៏កំពុងធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូងផងដែរ ដែលជាផ្នែកមួយនៃ «ប្រតិបត្តិការជាប្រចាំនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ អ្នកជំនាញផ្នែកការពារជាតិចិនបាននិយាយថា សកម្មភាពរបស់នាវាផ្ទុកយន្តហោះអាមេរិកនៅសមុទ្រចិនខាងត្បូង គឺមិនសូវមានសារសំខាន់ផ្នែកយោធានោះឡើយ ហើយនឹងបង្កើនភាពតានតឹងក្នុងតំបន់បន្ថែមប៉ុណ្ណោះ។
កាលពីខែធ្នូ ឆ្នាំ២០២២ យោធាអាមេរិកបានអះអាងថា យន្តហោះចម្បាំង J-11 របស់ចិន បានហោះហើរទៅកៀកក្នុងចម្ងាយត្រឹមតែ ៦ម៉ែត្រប៉ុណ្ណោះពីយន្តហោះស៊ើបការណ៍អាមេរិក RC-135 នៅលើសមុទ្រចិនខាងត្បូង ដែលបង្ខំឱ្យពីឡុតរបស់ខ្លួនបើកគេច។ ប៉ុន្តែក្រសួងការពារជាតិចិនបានច្រានចោលការអះអាងនេះថា ជាការបង្កាច់បង្ខូច និងបំភាន់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Global Times


ចែករំលែក៖