ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​Range Rover បេីកបុក​ឡំប្រឺតាពីក្រោយបណ្ដាលឱ្យក្រឡាប់ផ្ងារជេីង​ ឯតៃកុងរបួសបាក់ដងកាំបិត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ស្រវឹង​ស្រាបាន​បេីករថយន្ត Range Rover ក្នុងល្បឿនលឿន​ និងខ្វះការប្រុងប្រយ័ត្នជ្រុល​ទៅ​បុក​ឡំប្រឺតាមួយ​គ្រឿងពីក្រោយ​ ​បណ្តាល​ឱ្យក្រឡាប់ផ្ងារជេីងម្ខាង​ រីឯតៃកុងឡំប្រឺតារងរបួស​បាក់ដងកាំបិត ។ ហេតុការណ៍​នេះ​បានកេីត​ឡើង​កាល​ពី​វេលាម៉ោង​១០និង៥០នាទីយប់​ ថ្ងៃទី​១៦​ខែមករា​ ​ឆ្នាំ​២០២៣​ នៅត្រង់​ចំណុច​ខាងមុខ​ផ្សារ​ទំនើប​អុីអន​ទី៣​ តាម​បណ្ដោយ​ផ្លូវ​៦០ម៉ែត្រ​ ក្នុងសង្កាត់​ចាក់អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ​ រាជធានីភ្នំពេញ​ ។ 

​     យោងតាមប្រភព​ព័ត៌មាន​ពី​កន្លែង​កេីតហេតុ​បានឱ្យដឹង​ថា នៅមុនពេល​កេីតហេតុ​គេឃេីញ​បុរស​ម្នាក់​បេីកបរឡំប្រឺតា(ម៉ូតូ​កង់​បី​ឥណ្ឌា)មួយ​គ្រឿង​ ពណ៌​ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​1HY-3937​ ធ្វើដំណេីរ​តាមបណ្ដោយ​ផ្លូវ​៦០ម៉ែត្រ​ ក្នុងទិសដៅ​ពី​ជេីងទៅត្បូង​។ លុះបើកមកដល់ចំណុច​កេីតហេតុ​ក៏ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​ RANGE ROVER ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​2AW-8989​ បេីកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ មកពី​ក្រោយស្របទិសជាមួយឡំប្រឺតា​យ៉ាង​លឿន​ រួច​ក៏​បាន​ជ្រុលទៅបុក​ឡំប្រឺតាពីក្រោយពេញទំហឹង​បណ្តាល​ឱ្យឡំប្រឺតាក្រឡាប់​ផ្ងារ​ជេីង​ម្ខាងរងការខូចខាត​និង​អ្នក​បេីកបរ​ឡំប្រឺតារងរបួស​បាក់​ឆ្អឹងដងកាំ​បិតនិង​រលាត់​ដៃ​រលាត់​ជេីង​។ ចំណែក​ឯ​រថយន្តបង្ក​បាន​រងការខូចខាត​បែក​កាង​ខាង​មុខ​ចំហៀង​ខាង​ឆ្វេង​។ 

​     ក្រោយ​ពេលកេីត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​និងសមត្ថកិច្ចជំនាញ​ចរាចរណ៍បាន​ចុះធ្វេីការ​វាស់វែង​យក​រថយន្ត​និងឡំប្រឺតាទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​ដេីម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នានៅពេលក្រោយ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖