ព័ត៌មានទាន់ហេតុការណ៍៖

លោក ស្វាយ សំអ៊ាង អភិបាល​ នៃគណៈអភិបាល ខេត្តស្ទឹងត្រែង​ អញ្ជេីញសម្ភោធអគារសិក្សាថ្មី១ខ្នងនៅសាលាបឋមសិក្សាសំអាង ដែលជាជំនួយអង្គការផ្លែន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹក​ ថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ត្រូវនឹង​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣​ នេះអគារសិក្សា១ខ្នងមានចំនួន៥ បន្ទប់ក្រោមជំនួយគាំទ្ររបស់អង្គការផ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia)ត្រូវបានសម្ពោធដាក់ឲ្យប្រាស់ជាផ្លូវ ក្រោមអធិបតីភាព លោក ស្វាយ សំអ៊ាង អភិបាល​ នៃគណៈអភិបាលខេត្តស្ទឹងត្រែង។

ការសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មីចំនួន១ខ្នងមាន៥បន្ទប់នេះធ្វើឡើងក្នុងបរិវេនសាលាបឋមសិក្សាសំអាង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គការផ្លែនអន្តរជាតិប្រចាំខេត្តស្ទឹងត្រែង លោកអភិបាលស្រុកថាឡាបរិវ៉ាត់ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុ សិស្ស និងប្រជាពលរដ្ឋភូមិសំអាង ជាច្រើននាក់។

លោក ស្វាយ សំអ៊ាង​ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះម្ចាស់ជំនួយ តាមរយៈអង្គការភ្លែនកម្ពុជា ដែលបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏រឹងមាំនាពេល នេះ។ ក្នុងឱកាសនោះដែរលោកអភិបាលខេត្ត បានវាយ តម្លៃខ្ពស់និងកោតសរសើដល់អង្គការផ្លែនអន្តរជាតិដែលបានតែងតែជួយគាំទ្រអភិវឌ្ឍន៍មូលដ្ឋាននានាក្នុងខេត្តស្ទឹងត្រែង ជាកស្តែងសមិទ្ធផលដែលទទួលបាននាពេលនេះបានបង្ហាញពីការខិតខំប្រឹងប្រែងចូលរួមគាំទ្រអភិវឌ្ឍន៍មូលដ្ឋានពីសំណាក់អង្គការផ្លែនអន្តរជាតិឲ្យមានភាពរីចំរើនខាងផ្នែកអប់រំឲ្យកាន់តែប្រសើរ។ លោកថាអង្គការផ្លែនអន្តរជាតិជាអង្គការមួយដែលបានជួយអភិវឌ្ឍន៍មូលដ្ឋានបានច្រើនទាំងវិស័យអប់រំ​ និងសុខាភិបាលក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា កត្តាដែលអាចនាំ ឲ្យមានអង្គការក្រៅរដ្ឋាភិបាលឬអង្គការដៃគូអភិវឌ្ឍន៍បានចូលរួមកសាងសមិទ្ធផលនិងចូលរួមអភិវឌ្ឍន៍ សហគមមូលដ្ឋាននេះគឺមកពីកត្តាសន្តិភាពដែលយើងមិនអាចកាត់ថ្លៃបាន ។ ប្រសិនបើគ្មានសន្តិភាពទេ យើងក៏មិនអាចអភិវឌ្ឍន៍សហគមន៍ ភូមិ/ឃុំ/ស្រុក និងប្រទេសជាតិឲ្យមានភាពរីកចំរើនបានដែរ។ ដូចនេះទោះក្នុងតម្លៃណាក៏ដោយយើងត្រូវរួមគ្នាការពារសន្តិភាពនេះឲ្យបាននៅគង់វង់ជានិរន្តន៍៕

ដោយ៖ សូរិយា


ចែករំលែក៖