ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកអ្នកដំណើរជិត ២០០នាក់រងការគំរាមបំផ្ទុះគ្រាប់បែក យន្តហោះចម្បាំងអមដំណើរចុះចតជាបន្ទាន់

ចែករំលែក៖

យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair ត្រូវបានអមដំណើរដោយយន្តហោះចម្បាំង ដើម្បីធ្វើការចុះចតជាបន្ទាន់ បន្ទាប់ពីបានទទួលការជូនដំណឹងអំពីគ្រាប់បែកនៅលើយន្តហោះ។
មន្ត្រីម្នាក់បាននិយាយថា “កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ អ្នកបើកយន្តហោះ Boeing 737 ដែលមានអ្នកដំណើរនិងនាវិកប្រហែល១៩០នាក់ បានទទួលការជូនដំណឹងជាបន្ទាន់អំពីលទ្ធភាពនៃគ្រឿងផ្ទុះនៅលើយន្តហោះ ខណៈពេលដែលស្ថិតនៅក្នុងដែនអាកាសស្លូវ៉ាគី” ។
យោងតាមមន្ត្រីក្រិកបានបញ្ជាក់ថា ជើងហោះហើរ Ryanair FR6385 ពីប្រទេសប៉ូឡូញ ទៅកាន់ប្រទេសក្រិក ត្រូវបានអមដំណើរដោយយន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿង នៅពេលវាចូលដែនអាកាសក្រិក។
ពីមុនយន្តហោះ Boeing 737 ក៏ត្រូវបានអមដោយកងទ័ពអាកាសហុងគ្រីដែរ ខណៈពេលដែលស្ថិតនៅក្នុងដែនអាកាសនៃប្រទេសនេះ។ យន្តហោះចម្បាំងបានអមយន្តហោះ Boeing 737 ទៅកាន់សមុទ្រ ដើម្បីធានាសុវត្ថិភាព។
ទីបំផុតយន្តហោះបានចុះចតដោយសុវត្ថិភាពក្នុងតំបន់ដាច់ស្រយាលមួយនៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងអាថែន។ ប៉ូលីស កងពន្លត់អគ្គិភ័យ និងក្រុមបោសសម្អាតមីន ត្រូវបានបញ្ជូនទៅកាន់អាកាសយានដ្ឋានដើម្បីបំពេញកាតព្វកិច្ច។
អ្នកនាំពាក្យប៉ូលិសក្រិក Constantia Dimoglidou បាននិយាយថា “អ្នកដំណើរបានចុះពីលើយន្តហោះ ហើយកំពុងត្រូវបានត្រួតពិនិត្យ។ យន្តហោះនឹងត្រូវត្រួតពិនិត្យបន្ទាប់ពីស្វែងរកអ្នកដំណើរនិងអីវ៉ាន់ទាំងអស់។
ក្រោយមកប៉ូលិសក្រិកបានប្រកាសថា គ្មានឧបករណ៍គួរឱ្យសង្ស័យណាមួយត្រូវបានរកឃើញនៅលើយន្តហោះ ឬនៅក្នុងវ៉ាលិសនោះទេ។
លោក Piotr Adamczyk នាយកផ្នែកទំនាក់ទំនងនៅអាកាសយានដ្ឋាន Katowice បាននិយាយថា ពួកគេបានទទួលការជូនដំណឹងតាមទូរស័ព្ទ នៅពេលដែលយន្តហោះកំពុងហោះហើរពីលើដែនអាកាសស្លូវ៉ាគី។
លោក Adamczyk បាននិយាយថា “បន្ទាប់ពីយន្តហោះបានហោះឡើង មានការហៅទៅកាន់មជ្ឈមណ្ឌលព័ត៌មានអាកាសយានដ្ឋាន ទាក់ទងនឹងលទ្ធភាពនៃគ្រឿងផ្ទុះនៅលើយន្តហោះ។ យើងបានទាក់ទងអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ដែលបន្ទាប់មកបានទាក់ទងពួកគេជាមួយអ្នកបើកបរ” ។
អ្នកនាំពាក្យអាកាសយានដ្ឋាននៅទីក្រុងអាថែន បាននិយាយថា អ្នកដំណើរទាំងអស់នៅលើយន្តហោះមានសុវត្ថិភាព ហើយការហោះហើរនេះគឺជិតពីរម៉ោងកន្លះយឺតជាងការគ្រោងទុកដំបូង៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Vietnamnet.vn


ចែករំលែក៖