ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូឡូញតែងតាំងអតីតអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់លោក Santos ជាគ្រូបង្វឹកថ្មី

ចែករំលែក៖

សហព័ន្ធបាល់ទាត់ប្រទេសប៉ូឡូញនឹងតែងតាំងអតីតអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់លោក Fernando Santos ជាគ្រូបង្វឹកថ្មីរបស់ខ្លួន។ នេះបើយោងតាមលោក Cezary Kulesza ប្រធាន FA ប៉ូឡូញបាននិយាយកាលពីថ្ងៃចន្ទ ទី២៣ មករា។

លោក Kulesza បានចែករំលែករូបភាពជាមួយលោក Santos នៅលើ Twitter បន្ទាប់ពីបុរសជនជាតិព័រទុយហ្គាល់វ័យ៦៨ឆ្នាំរូបនេះត្រូវបានគេថតរូបនៅព្រលានយន្តហោះ Warsaw កាលពីព្រឹកថ្ងៃចន្ទ។ លោកបានសរសេរថា “ជួបគ្នាថ្ងៃស្អែកនៅកីឡដ្ឋាន @PGENarodowy!”។

លោក Santos និងសហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) បានយល់ព្រមបញ្ចប់កិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកព័រទុយហ្គាល់ក្នុងខែធ្នូបន្ទាប់ពីការបរាជ័យពីការប្រកួត World Cup ក្នុងវគ្គ១/៤ចុងក្រោយរបស់ពួកគេក្រោមថ្វីជើងប្រទេសម៉ារ៉ុក។

រដ្ឋមន្ត្រីក្រសួងកីឡា និងទេសចរណ៍ប៉ូឡូញលោក Kamil Bortniczuk បានអបអរសាទរលោក Kulesza និង FA ចំពោះការតែងតាំងលោកSantos មុនពេលការប្រកាសរបស់ប្រធានសហព័ន្ធ។ លោកបានសរសេរនៅលើ Twitter ថា “Santos គឺជាគ្រូបង្វឹកដែលមាន បទពិសោធន៍ល្អណាស់ (ក្រិក និងព័រទុយហ្គាល់ តាំងពីឆ្នាំ២០១០ ហើយពីមុនមកក្លិបកំពូលព័រទុយហ្គាល់ និងក្រិក) ទទួលបានជោគជ័យជើងឯកអឺរ៉ុបបទពិសោធន៍ក្នុងការធ្វើការជាមួយតារាឆ្នើមCristiano”។

លោក Santos បានដឹកនាំក្រុមព័រទុយហ្គាល់ឱ្យទទួលបានជោគជ័យនៅ Euro 2016 និង Nations League ២០១៨-២០១៩ ដែលមាន Cristiano Ronaldo ជាប្រធានក្រុម។ នៅកម្រិតក្លិបគាត់បានគ្រប់គ្រងក្លិប Porto, AEK Athens, Panathinaikos, Sporting, Benfica, PAOK ហើយគាត់ក៏បានប្រកបអាជីពរយៈពេល៤ឆ្នាំក្នុងនាមជាគ្រូបង្វឹកក្រិកផងដែរ។

អតីតគ្រូបង្វឹកប៉ូឡូញលោក Czeslaw Michniewicz បានចាកចេញកាលពីចុងខែធ្នូ បន្ទាប់ពី FA ប៉ូឡូញបានសម្រេចចិត្តមិនបន្តកិច្ចសន្យារបស់គាត់ បន្ទាប់ពីគាត់បានដឹកនាំក្រុមឱ្យទៅលេងវគ្គជម្រុះ World Cup ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល៣៦ឆ្នាំក្នុងការប្រកួតកាលពីឆ្នាំ២០២២នៅប្រទេសកាតា ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖