ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជួយដីនៅអុីរ៉ង់ ស្លាប់និងរបួសជាង ៣០០នាក់

ចែករំលែក៖

ការរញ្ជួយដីទ្រង់ទ្រាយធំនៅក្នុងប្រទេសអុីរ៉ង់នាព្រឹកថ្ងៃទី ២៩ខែមករា ស្ថិតនៅក្នុងតំបន់ជិតព្រំដែនអុីរ៉ង់ និងទួរគី បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និងជាង ៣០០នាក់ទៀតរងរបួស។ ផ្ទះរាប់រយខ្នងរងការបំផ្លាញក្នុងការរញ្ជួយដីគម្រិត ៥,៩ រ៉ិចទ័រ ។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា គ្រោះរញ្ជួយដីខាងលើមានជម្រៅរាក់ទេ ហើយចំណុចរំញ័រកណ្តាលរបស់វាស្ថិតនៅទីក្រុងខូយ (Khoy) នៃខេត្ត West Azerbaijan។ ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ IRNA បានរាយការណ៍ថា ក្រោយហេតុការណ៍ដែលបានកើតឡើង នៅម៉ោងជិត១០យប់ថ្ងៃសៅរ៍នោះ គឺមានមនុស្សយ៉ាងតិចណាស់៣នាក់ស្លាប់ និងចន្លោះប្រហែល៤០០-៥០០នាក់រងរបួស។ រីឯលំនៅឋាននិងអគារផ្សេងជាច្រើន ដែលនៅក្នុងតំបន់រងការវាយប្រហារ ក៏បានរងការខូចខាតនិងបំផ្លិចបំផ្លាញផងដែរ។
ទីតាំងភូមិសាស្រ្តរបស់អ៉ីរ៉ង់ គឺស្ថិតនៅចំព្រំប្រទល់នៃផ្លាកតិចតូនិកធំៗមួយចំនួនរបស់ផែនដី ជាហេតុនាំឱ្យប្រទេសមួយនេះ តែងទទួលរងការវាយប្រហារដោយការរញ្ជួយដីជាញឹកញាប់។ កាលពីថ្ងៃទី១៨ ខែមករា គ្រោះរញ្ជួយដីកម្រិត៥.៨រ៉ិចនៅក្បែរទីក្រុងខូយ ក៏បានបង្កឱ្យមនុស្សខ្ទង់រយនាក់រងរបួសផងដែរ។ ហេតុការណ៍រញ្ជួយដីដ៏ប្រល័យបំផុតក្នុងកំណត់ត្រានៅប្រទេសអ៉ីរ៉ង់ គឺគ្រោះរញ្ជួយដីកម្រិត៧.៤រ៉ិចទ័រ នៅភាគខាងជើងប្រទេសកាលពីឆ្នាំ១៩៩០ ដែលបានស្លាប់មនុស្ស៤០,០០០នាក់ បង្កឱ្យរបួស៣០០,០០០នាក់ និងធ្វើឱ្យកន្លះលាននាក់ទៀតបាត់បង់ផ្ទះសម្បែង៕ ដោយ៖ ធីរីណា

រូប​ថត​៖ AP


ចែករំលែក៖