ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌជ្រោយចង្វា ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងថេបប្លេត

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​អធិការនគរបាលខណ្ឌ​ជ្រោយចង្វា​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០១​ ខែកុម្ភៈ​  ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងថេបប្លេតរបស់ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាមផ្លូវ​ ត្រូវ​បាន​កម្លាំង​ជំនាញ​ចុះស្រាវជ្រាវ​​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​យកមកសាកសួររហូតបញ្ជប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​​ ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ ជនសង្ស័យឈ្មោះ ធីម សុខឡេង ហៅមាន់ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរជាងមាស។

របាយការណ៍​បន្តថា​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣​ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងថេបប្លេតម៉ាកសាំស៊ុងសេរីចាស់ ប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៦ ក្រុមទី១៨ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ ជនរងគ្រោះឈ្មោះ ខៀវ ធីតា  ភេទស្រី ស្នាក់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ មុខរបបរបុគ្គលិកក្រុមហ៊ុន។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស សេរីឆ្នាំ២០២១ ផ្លាកលេខ ភ្នំពេញ 1IO-9442 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព, កាបូបម៉ាកLV ពណ៌សូកូឡា និងប័ណ្ណក្រីក្រ ជារបស់ជនរងគ្រោះ ហើយថេបប្លេតម៉ាកសាំស៊ុងសេរីចាស់ ត្រូវបានជនសង្ស័យបោះចោលទៅទឹកទន្លេបាត់ដោយសារមិនមានអ្នកទិញ។

បច្ចុប្បន្ន​ជន​សង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការ​ដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖