ប៉ាគីស្ថានទើបតែរងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតបណ្តាលឱ្យមានអ្នកស្លាប់ ជាង១០០នាក់ និងរបួសជិត២០០នាក់ ។ នៅពេលនេះប៉ាគីស្ថានមានករណីលិចទូកដឹកសិស្សសាលាបណ្តាលឱ្យសិស្សសាលា៤៩នាក់លង់ទឹកស្លាប់។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានផ្សាយថា ប៉ូលិសប៉ាគីស្ថាន បានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ក្មេងៗចំនួន ៤៩នាក់បានលង់ទឹកស្លាប់ នៅពេលដែលទូកមួយគ្រឿងផ្ទុកមនុស្សលើសទម្ងន់បានក្រឡាប់លិចនៅភាគពាយព្យប្រទេស បន្ទាប់ពីក្រុមអ្នកមុជទឹកចំណាយពេល៣ថ្ងៃទើបអាចស្រង់សាកសពទាំងអស់ចេញពីទឹកបានចប់សព្វគ្រប់។
ក្មេងប្រុសដែលមានអាយុចន្លោះពី ៧ ទៅ១៤ឆ្នាំសុទ្ធតែជាសិស្សនៃសាលាបឋមសិក្សាមួយ ហើយពួកគេត្រូវបាននាំទៅលេងកម្សាន្តនៅឯបឹងធម្មជាតិតាន់ដា ដាំ Tanda Dam កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។ លោក Khateer Ahmad ជាមន្ត្រីជាន់ខ្ពស់នៃក្រុមសង្រ្គោះ Rescue 1122 បានបញ្ជាក់ថា ដោយសារទឹកនៅបាតបឹងមានសភាពត្រជាក់បានរារាំងដល់បេសកកម្មជួយសង្គ្រោះ។ ប៉ុន្តែថ្ងៃនេះ (ថ្ងៃអង្គារសប្ដាហ៍នេះ) ក្រុមសង្រ្គោះអាចមុជទឹកបានជ្រៅដើម្បីស្រង់សាកសពដែលនៅសេសសល់។ សាកសពគ្រូបង្រៀនម្នាក់ និងម្ចាស់ទូកក៏ត្រូវបានស្រង់ចេញពីទឹកដែរ ធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់៥១នាក់។
អ្នកនាំពាក្យប៉ូលិស លោក Fazal Naeem បានប្រាប់ AFP ថា ទូកខាងលើនេះផ្ទុកលើសទម្ងន់ ដោយវាអាចដាក់មនុស្សបានប្រហែល២០ ទៅ២៥នាក់ប៉ុណ្ណោះ។ ប៉ុន្តែ លោក ណាអ៉ីម មិនទាន់មានការបញ្ជាក់លម្អិតថាតើមានមនុស្សប៉ុន្មាននាក់ស្ថិតនៅលើទូកនៅពេលសោកនាដកម្មនេះកើតឡើងនោះទេ ដោយគ្រាន់តែបន្ថែមថា មនុស្សចំនួន៥នាក់ត្រូវបានជួយសង្គ្រោះ ក្នុងនោះមានសិស្ស៤នាក់ និងគ្រូម្នាក់។
បឹងធម្មជាតិ Tanda Dam មានចម្ងាយប្រហែល៥គីឡូម៉ែត្រពីសាលាបឋមសិក្សា ដែលជាសាលាអ៊ិស្លាមផ្តល់ការអប់រំផ្នែកសាសនា ដោយឥតគិតថ្លៃនៅក្នុងទីក្រុង កូហាត (Kohat) ខេត្ត Khyber Pakhtunkhwa។ ករណីលិចទូកតែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសប៉ាគីស្ថាន ដោយសារតែកប៉ាល់ចាស់និងការផ្ទុកលើសទម្ងន់៕ ដោយ៖ ធីរីណា

រូបថត ៖ Tintuconline
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច