ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់លទ្ធផលនៃការស្ទង់មតិមួយដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈរុស្ស៊ីទាំងអស់ ដែលបានចេញផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈថា កម្រិតនៃទំនុកចិត្តសាធារណៈចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានកើនឡើង ០០,៧% ពីសប្តាហ៍មុន គឺកើនឡើងដល់៧៩,២ភាគរយជាចំនួនដ៏ខ្ពស់។
យោងតាមលទ្ធផលស្ទង់មតិផងដែរ អ្នកឆ្លើយសំណួរសរុបចំនួន 50.8% បាននិយាយថា ពួកគេយល់ព្រមលើការងាររបស់រដ្ឋាភិបាលរុស្ស៊ី (ធ្លាក់ចុះ 0.5%) ខណៈដែល 53.5% នៃអ្នកឆ្លើយតបបានសម្តែងការយល់ព្រមចំពោះការងាររបស់នាយករដ្ឋមន្ត្រី Mikhail Mishustin (កើនឡើង 0.2%)។
ពលរដ្ឋរុស្ស៊ី បានគាំទ្រដល់សកម្មភាពធ្វើសង្គ្រាមរបស់ប្រធានាធិបតីពូទីន ក៏ដូចជាការបង្កើនឥទ្ធិពលរបស់រុស្ស៊ីនៅលើឆាកអន្តរជាតិ។
ក្នុងពេលនេះដែររុស្ស៉ីបានច្រានចោលព័ត៌មានដែលថា អាមេរិកផ្តល់សំណើជាសម្ងាត់ដល់ទីក្រុងមូស្គូ ស្តីពីផែនការសន្តិភាពសម្រាប់អ៊ុយក្រែន។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ វិមានក្រឹមឡាំងបានចេញមុខទាត់ចោលសេចក្តីរាយការណ៍ព័ត៌មានមួយដែលអះអាងថា សហរដ្ឋអាមេរិកបានលួចនិយាយជាមួយរុស្ស៉ីដោយស្ងាត់ៗ ពាក់ព័ន្ធនឹងផែនការសន្តិភាពដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន។
កន្លងទៅនេះ សារព័ត៌មានមួយរបស់ប្រទេសស្វីស បានរាយការណ៍ថា នាយកទីភ្នាក់ងារចារកម្មអាមេរិក CIA គឺលោក វីលៀម បឺន (William Burns) បានធ្វើដំណើរជាសម្ងាត់ទៅកាន់ទីក្រុងមូស្គូ កាលពីខែមករា ហើយនាំយកមកជាមួយនូវផែនការសន្តិភាពអ៊ុយក្រែន ដោយជួសមុខឱ្យសេតវិមានផ្ទាល់។ ក្នុងផែនការអាមេរិកគឺពាក់ព័ន្ធឱ្យអ៊ុយក្រែន លះបង់ទឹកដីមួយភាគប្រាំរបស់ខ្លួន ឱ្យទៅរុស្ស៉ី។ ដូចជាទីក្រុងមូស្គូដែរ ទីក្រុងវ៉ាស៉ីនតោនក៏បានច្រានចោលសេចក្តីរាយការណ៍នេះ។
នៅពេលត្រូវបានសួរសំណួរថា តើ លោក បឺន បានធ្វើដំណើរមកកាន់ទីក្រុងមូស្គូ ឬមួយបានផ្តល់សំណើផែនការសន្តិភាព ដែលតម្រូវឱ្យអ៊ុយក្រែនលះបង់ទឹកដី២០ភាគរយ ដែរឬក៏អត់នោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មានវិញយ៉ាងដូច្នេះថា «សេចក្តីរាយការណ៍ព័ត៌មានទាំងមូល គឺជារឿងបោកប្រាស់សុទ្ធសាធ»៕ ដោយ៖ ធីរីណា
រូបថត ៖ CAND