អុីរ៉ង់និងរុស្ស៊ីកំពុងធ្វើការរួមគ្នាដើម្បីចេញរូបិយប័ណ្ណឌីជីថលថ្មីមួយដែលគាំទ្រដោយមាស។ ទោះជាយ៉ាងណាក៏ដោយ ក៏គេនៅមានចម្ងល់ថា តើរូបិយប័ណ្ណនេះអាចជួយប្រទេសទាំងពីរនេះឱ្យជៀសផុតពីការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងណានោះនៅឡើយទេ។
រុស្សីហាក់ដូចជាកំពុងមើលឃើញរូបិយប័ណ្ណ ឌីជីថល សម្រាប់ធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយអុីរ៉ង់ និងជាមធ្យោបាយទូទាត់សម្រាប់យន្តហោះគ្មានមនុស្សបើកដែលផលិតដោយអុីរ៉ង់។ នៅខែមករាឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Vedmosti បានផ្សាយថា “ធនាគារកណ្តាលនៃប្រទេសអុីរ៉ង់ (CBI) កំពុងធ្វើការជាមួយរដ្ឋាភិបាលរុស្ស៊ីដើម្បីរួមគ្នាចេញរូបិយប័ណ្ណឌីជីថលដែលគាំទ្រដោយមាស ដើម្បីបម្រើជាវិធីទូទាត់ក្នុងពាណិជ្ជកម្មបរទេស” ។ កាក់ដែលមានសក្តានុពលត្រូវបានពិពណ៌នាថាជា “កាក់ស្ថេរដែលគាំទ្រដោយមាស” ដែលនឹង “បើកដំណើរការប្រតិបត្តិការឆ្លងដែនជំនួសឱ្យរូបិយប័ណ្ណដូចជា USD, រូបិយប័ណ្ណរបស់រុស្ស៊ី ឬប្រាក់រៀលអ៊ុីរ៉ង់” ។
សារព័ត៌មានVedomosti បានផ្សាយថា រូបិយប័ណ្ណ ឌីជីថល នឹងត្រូវបានប្រើនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងទីក្រុង Astrakhan ជាកន្លែងដែលប្រទេសរុស្ស៊ីបានចាប់ផ្តើមទទួលយកការដឹកជញ្ជូនរបស់អុីរ៉ង់។
ខណៈពេលដែលទាំងអុីរ៉ង់ និងរុស្ស៊ីបានហាមឃាត់ប្រជាជនរបស់ពួកគេពីការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូសម្រាប់ការទូទាត់ រដ្ឋាភិបាលទាំងពីរនេះបាននិងកំពុងធ្វើការដើម្បីបង្កើតការទូទាត់រូបិយប័ណ្ណឌីជីថលសម្រាប់ពាណិជ្ជកម្មបរទេស។ អុីរ៉ង់បានប្រកាសការបញ្ជាទិញជាផ្លូវការដំបូងរបស់ខ្លួនដែលមានតម្លៃ១០លានដុល្លារនៅខែសីហា ឆ្នាំ២០២២។ យោងតាមទស្សនាវដ្ដី Forbes សេចក្តីថ្លែងការណ៍របស់នាយកដ្ឋានគោលនយោបាយហិរញ្ញវត្ថុនៃក្រសួងហិរញ្ញវត្ថុរុស្ស៊ីបានបញ្ជាក់ថាប្រទេសរុស្ស៊ីកំពុងស្វែងរកពីរបៀបប្រើប្រាស់រូបិយប័ណ្ណឌីជីថលសម្រាប់ការទូទាត់ជាអន្តរជាតិ៕
ដោយ៖ ធីរីណា(រូបថត៖ Russia Insider)