ខេត្តស្វាយរៀង៖ បុរសកម្មកររោងចក្រម្នាក់បានរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាលជួយសង្គ្រោះលើកមកកប់ខ្សាច់និងដឹកមកកាន់មន្ទីរពេទ្យបន្ទាប់ពីបូមបៀឆក់ត្រីមិនប្រយត្ន័នៅស្រុកស្វាយទាប។
ហេតុការណ៍នេះបានកើតលើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២៣នៅចំណុចភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ សែន ប៉ក់ អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសខាងលើបានទាញខ្សែភ្លើងយកទៅបូមបៀដើម្បីឆក់ត្រីទុកធ្វើម្ហូបពេលល្ងាចខណៈកំពុងតែបូមមិនប្រុងប្រយ័ត្ន បណ្ដាលឲ្យឆក់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្ទុះទៅបិទកង់តាក់ភ្លើងនិងហៅអ្នកភូមិប្រញាប់ប្រញាលជួយសង្គ្រោះលើកមកកប់ខ្សាច់និងដឹកមកកាន់មន្ទីរពេទ្យស្រុកស្វាយទាប។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារជនរងគ្រោះបានតខ្សែភ្លើងឆក់ត្រីពេលបូមបៀខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យឆក់ខ្លួនឯងបែបនេះ ៕
ដោយ៖ សុថាន