ព័ត៌មានទាន់ហេតុការណ៍៖

បែលហ្ស៊ិកសម្រេចជ្រើសរើសយកលោក Tedesco ជាគ្រូបង្វឹកថ្មី

ចែករំលែក៖

សហព័ន្ធបាល់ទាត់របស់ប្រទេសបានប្រកាសថា អតីតអ្នកចាត់ការក្លិប RB Leipzig លោក Domenico Tedesco ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក ដើម្បីជំនួសតំណែងលោក Roberto Martinez

សហព័ន្ធបាល់ទាត់ប្រទេសបែលហ្ស៊ិកបានឲ្យដឹងថា គ្រូបង្វឹកវ័យ៣៧ឆ្នាំរូបនេះនឹងចុះកិច្ចសន្យារហូតដល់ក្រោយព្រឹត្តិការណ៍ Euro 2024 ហើយថា ការប្រកួតក្រោមការដឹកនាំដំបូងរបស់គាត់នឹងជាការប្រកួតជម្រុះបើកឆាករបស់ពួកគេជាមួយស៊ុយអែតនៅទីក្រុង Stockholm នៅថ្ងៃទី២៤ ខែមីនាខាងមុខ

លោក Tedesco ដែលកើតនៅប្រទេសអ៊ីតាលី ប៉ុន្តែធំឡើងនៅប្រទេសអាឡឺម៉ង់ក៏ធ្លាប់បានធ្វើគ្រូបង្វឹកក្លិប Schalke 04 និង Spartak Moscow ផងដែរ។

លោក Tedesco បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សម្រាប់ខ្ញុំ វាជាកិត្តិយសដ៏អស្ចារ្យក្នុងការធ្វើជាគ្រូបង្វឹកថ្មីរបស់បែលហ្ស៊ិក។ ខ្ញុំពិតជាទន្ទឹងរង់ចាំកិច្ចការនេះ ហើយខ្ញុំមានការលើកទឹកចិត្តយ៉ាងខ្លាំង។ ខ្ញុំមានអារម្មណ៍ល្អណាស់តាំងពីការសន្ទនាលើកដំបូង”។

ផែនការរបស់បែលហ្ស៊ិកក្នុងការដាក់ឈ្មោះលោក Tedesco ត្រូវបានរារាំងដោយការចរចាកិច្ចសន្យារបស់គាត់ជាមួយក្លិប Leipzig។ ប្រភពពីសារព័ត៌មានរ៉យទ័រថា គាត់ត្រូវបានគេបណ្តេញចេញពីការងារ ប៉ុន្តែនៅតែមានសិទ្ធិទទួលបានប្រាក់ឈ្នួលប៉ាន់ស្មានមួយលានអឺរ៉ូ (១.០៧លានដុល្លារអាមេរិក)។

គួររំលឹកថា លោក Martinez បានចាកចេញពីតួនាទីជាគ្រូបង្វឹកបន្ទាប់ពីបែលហ្ស៊ិកធ្លាក់ក្នុងជុំទីមួយនៃការប្រកួត World Cup នៅប្រទេសកាតាកាលពីខែធ្នូ ឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមកគាត់ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់វិញ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖