ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹក Man City ថ្កោលទោសចំពោះការរំលោភបំពានច្បាប់ដែលត្រូវបានចោទប្រកាន់

ចែករំលែក៖

អ្នកចាត់ការ Pep Guardiola បាននិយាយថា Manchester City ត្រូវបានកាត់ទោសរួចហើយ ជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុ។ ក្របខ័ណ្ឌ Premier League បានចោទប្រកាន់ក្លិប Man City ពីបទបំពានច្បាប់ហិរញ្ញវត្ថុរបស់ខ្លួនច្រើនជាង១០០កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

ការហាមឃាត់រយៈពេល២ឆ្នាំពីការប្រកួតនៅអឺរ៉ុបសម្រាប់ការរំលោភលើបទប្បញ្ញត្តិ Financial Fair Play (FFP) របស់ UEFA ត្រូវបានលុបចោលដោយតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ក្នុងឆ្នាំ២០២០។

លោក Guardiola បាននិយាយថា “ក្លិបបានបង្ហាញថាពួកគេគ្មានកំហុសទាំងស្រុង។ អ្វីដែលបានកើតឡើងតាំងពីថ្ងៃចន្ទគឺដូចគ្នានឹងអ្វីដែលបានកើតឡើងជាមួយ UEFA ដែរ។ យើងត្រូវបានគេថ្កោលទោសរួចហើយ។អ្នកត្រូវតែយល់ថា ក្រុមចំនួន១៩នៅ Premier League កំពុងចោទប្រកាន់យើងដោយគ្មានយើងមានសមត្ថភាពការពារ។ យើងមានសំណាងណាស់ដែលយើងរស់នៅក្នុងប្រទេសដ៏អស្ចារ្យមួយ ដែលគ្រប់គ្នាគ្មានកំហុស រហូតដល់មានការបញ្ជាក់អំពីកំហុស។ យើងមិនមានឱកាសនេះទេ យើងត្រូវបានគេកាត់ទោសរួចហើយ។ ខ្ញុំជឿជាក់យ៉ាងពេញលេញថាយើងនឹងគ្មានកំហុស”។

ក្របខណ្ឌ Premier League បានបញ្ជូនសំណុំរឿងក្លិប Man City ទៅកាន់គណៈកម្មការឯករាជ្យមួយជុំវិញការបំពានច្បាប់រវាងឆ្នាំ២០០៩ និងឆ្នាំ២០១៨ក្នុងអំឡុងពេលនោះក្លិបបានឈ្នះពានរង្វាន់ Premier League ចំនួន៣ក្នុងចំណោម៦ពានរង្វាន់ Premier League របស់ពួកគេ។

Man City បានរងការចោទប្រកាន់ថា មិនបានសហការចាប់តាំងពីការស៊ើបអង្កេតបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០១៨។ គណៈកម្មការអាចដាក់ទណ្ឌកម្មរាប់ចាប់ពីការផាកពិន័យ និងការកាត់ពិន្ទុរហូតដល់ការបណ្តេញចេញពីក្របខ័ណ្ឌ Premier League ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្របខ័ណ្ឌ Premier League បាននិយាយថា Man City បានបំពានច្បាប់ដែលតម្រូវឱ្យពួកគេផ្តល់ព័ត៌មានហិរញ្ញវត្ថុត្រឹមត្រូវ ដែលផ្តល់នូវទិដ្ឋភាពពិត និងយុត្តិធម៌នៃទីតាំងហិរញ្ញវត្ថុរបស់ក្លិប។ ព័ត៌មាននេះគ្របដណ្តប់លើប្រាក់ចំណូលរបស់ក្លិប ដែលរួមមានចំណូលពីការឧបត្ថម្ភ និងការចំណាយប្រតិបត្តិការ។

ការបំពានបន្ថែមទៀតទាក់ទងនឹងច្បាប់ដែលទាមទារព័ត៌មានលម្អិតពេញលេញនៃប្រាក់ឈ្នួលរបស់អ្នកចាត់ការពីរដូវកាល ២០០៩-២០១០ដល់ ២០១២-២០១៣ នៅពេលដែលលោក Roberto Mancini គ្រប់គ្រងនិងប្រាក់បំណាច់កីឡាកររវាងឆ្នាំ២០១០-២០១១ និង២០១៥-២០១៦ ។

Premier League បាននិយាយថា Man City បានបំពានច្បាប់ទាក់ទងនឹងបទប្បញ្ញត្តិរបស់ UEFA រួមទាំង FFP ពីឆ្នាំ២០១៣-២០១៤ដល់២០១៧-២០១៨ ក៏ដូចជាច្បាប់ Premier League ស្តីពីប្រាក់ចំណេញ និងនិរន្តរភាពពីឆ្នាំ២០១៥-២០១៦ ដល់២០១៧-២០១៨។

នៅឆ្នាំ២០២០ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បានសំរេចថា Man City បានប្រព្រឹត្តការបំពានយ៉ាងធ្ងន់ធ្ងរ” នៃបទប្បញ្ញត្តិរបស់ FFP ចន្លោះឆ្នាំ២០១២ ឆ្នាំ២០១៦។ ទោះជាយ៉ាងណាក៏ដោយ ការហាមឃាត់រយៈពេលពីរឆ្នាំពីការប្រកួតនៅអឺរ៉ុបត្រូវបានលុបចោលដោយតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (Cas) នៅចុងឆ្នាំនោះ។

UEFA បានចាប់ផ្តើមការស៊ើបអង្កេតរបស់ខ្លួនលើ Man City បន្ទាប់ពីកាសែតអាល្លឺម៉ង់ Der Spiegel បានចេញផ្សាយឯកសារលេចធ្លាយក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ដោយចោទប្រកាន់ថាក្លឹបបានបំប៉ោងតម្លៃនៃកិច្ចព្រមព្រៀងឧបត្ថម្ភ។ ដំណើរការនៃគណៈកម្មាការដែលដឹកនាំដោយ Murray Rosen KC នឹងត្រូវបានរក្សាការសម្ងាត់ និងស្តាប់ជាលក្ខណៈឯកជន។

នៅពេលដែលការស៊ើបអង្កេត Premier League បានចាប់ផ្តើម Man City បាននិយាយថាការចោទប្រកាន់នេះគឺ “មិនពិតទាំងស្រុង” ហើយការចោទប្រកាន់នៅក្នុង Der Spiegel បានមកពីការលួចចូលដោយខុសច្បាប់ និងការបោះពុម្ពចេញពីបរិបទនៃអ៊ីមែលរបស់ Man City ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖