ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានសហការគ្នាចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន និងធ្វេីបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបេីកបរ ក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាពឆ្នាំ២០២៣ ដល់សិស្សានុសិស្ស និងបានបិតលិខិតបណ្ណ័ផ្សព្វផ្សាយ ពីគ្រោះថ្នាក់នៃគ្រឿងញៀន។
ក្នុងពិធីនេះដែរ បានធ្វេីឡេីងនៅសាលាអនុវិទ្យាល័យ សម្តេចឪ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី តាក សារិទ្ធ ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន លោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកនាយកសាលា និងសិស្សានុសិស្ស ចំនួន៦០នាក់។
ជាមួយគ្នានោះ នៅព្រឹកថ្ងៃដដែលនេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងអ្នកបើកបរយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រួតពិនិត្យល្បឿន និងត្រួតពិនិត្យរកសារធាតុញៀនអ្នកបើកបររថយន្ត ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងជាយថាហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ២២០ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ៕
ដោយ៖សហការី