គ្រូបង្វឹកលោក Jurgen Klopp បាននិយាយកាលពីថ្ងៃសុក្រថា ខ្សែការពារ Virgil van Dijk របស់ Liverpool អាចចាប់ផ្តើមក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ថ្ងៃទី១៨ ខែកុម្ភៈនេះនៅលើទឹកដីក្រុម Newcastle United បន្ទាប់ពីបានជាសះស្បើយពីរបួសសរសៃពួរដែលបានសម្រាកគាត់អស់រយៈពេលជាងមួយខែ។
ប្រធានក្រុមជម្រើសជាតិហូឡង់ Van Dijk ត្រូវបានដកចេញនៅតង់ទី២ក្នុងការប្រកួតចាញ់ក្រុម Brentford ៣–១ Premier League នៅដើមខែមករា។ គាត់បានត្រលប់ទៅកៅអីបម្រុងរបស់ក្រុម Liverpool វិញសម្រាប់ជ័យជម្នះ ២–០ លើគូប្រជែងក្នុងស្រុក Everton កាលពីថ្ងៃចន្ទកន្លងទៅ។
នៅពេលត្រូវបានគេសួរថា តើ Van Dijk អាចនឹងអាចចាប់ផ្តើមទល់នឹង Newcastle ឬយ៉ាងណា? លោក Klopp បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំគិតថាគាត់មើលទៅត្រៀមខ្លួនជាស្រេច ហើយថ្ងៃនេះខ្ញុំគិតថាគាត់នឹងមានវត្តមាន បន្ទាប់មកយើងធ្វើការសម្រេចចិត្ត” ។
Liverpool កំពុងធ្លាក់ក្នុងចំណាត់ថ្នាក់លេខ៩ ក្នុងតារាងមាន៣២ពិន្ទុ បន្ទាប់ពីមានទម្រង់លេងមិនល្អ និងរបួសអស់មួយរដូវកាល។
ម្យ៉ាងវិញទៀត គូប្រកួតរបស់ពួកគេ Newcastle ឈរនៅលេខរៀងទី៤ ហើយកំពុងប្រជែងដណ្តើមយកកៅអី Champions League បន្ទាប់ពីការប្រកួតលីកចំនួន១៧ប្រកួតដោយមិនចាញ់។ ពួកគេបានចាញ់មួយប្រកួតក្នុងរដូវកាលនេះ ដោយចាញ់ Liverpool ២–១ កាលពីខែសីហា។
លោក Klopp បានសរសើរសមភាគី Eddie Howe សម្រាប់ការផ្លាស់ប្តូរ ពិសេសដែលគាត់បានត្រួតពិនិត្យនៅកីឡដ្ឋាន St James’ Park។ លោក Klopp បាននិយាយថា “នេះគឺជាការប្រកួតដ៏ធំមួយ។ ប្រសិនបើអ្នកចង់ឈានដល់អ្វីមួយនៅរដូវកាលនេះ យើងត្រូវដេញតាមអ្នកគ្រប់គ្នា ជាពិសេសអ្នកដែលនាំមុខយើងក្នុងតារាង”។
លោកបន្តថា “វាមិនងាយស្រួលទេ ប៉ុន្តែយើងត្រូវព្យាយាម វានឹងជាការប្រកួតស្វិតស្វាញ។ Newcastle គឺជាតំបន់ការពារដ៏ល្អបំផុតក្នុងលីកដោយចាញ់យើងតែម្តងគត់ យើងត្រូវការគ្រាប់បាល់ចុងម៉ោង។ ពួកគេមានភាពស៊ីសង្វាក់គ្នាណាស់ ហើយនោះគឺជាជំហានដំបូងដើម្បីជោគជ័យ”។
គ្រូបង្វឹកក្រុមហង្សក្រហមរូបនេះបានបញ្ជាក់ថា “Eddie Howe បានធ្វើការងារដ៏ពិសេសមួយ ពិតជាពិសេសមែន។ លទ្ធភាពហិរញ្ញវត្ថុដែលពួកគេមាន ឬនឹងមានគឺពិតជាពិសេស ប៉ុន្តែវាមិនមែនដោយសារតែវានោះទេ។ គាត់មកដល់ក្នុងស្ថានភាពលំបាក ពួកគេស្នាក់នៅក្នុងលីកយ៉ាងសុខស្រួល ឥឡូវនេះក្រុមគឺមិនអាចទទួលស្គាល់បាន”។
គួរបញ្ជាក់ថា កីឡាករ Thiago Alcantara និង Luis Diaz មិនមានវត្តមានសម្រាប់ការប្រកួតនោះទេ ហើយខ្សែការពារ Calvin Ramsay ត្រូវបានគេរំពឹងថានឹងអវត្តមានពេញមួយរដូវកាលនេះ បន្ទាប់ពីទទួលការវះកាត់របួសជង្គង់។ នេះបើយោងតាមលោក Klopp បានបញ្ជាក់ចុងក្រោយ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)