ខេត្តពោធិ៍សាត់ ៖ លោក អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងតាមបណ្ដាញសង្គមនារសៀលថ្ងៃសៅរ៍ ១៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា កម្លាំងអធិការដ្ឋាន និងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រពើ២ សហការស្រាវជ្រាវរហូតឃាត់ខ្លួនបុរសម្នាក់រួមទាំងវត្ថុតាង(សពសត្វគោ និងពូថៅ)បន្ទាប់ទទួលព័ត៌មានពីប្រជាពលរដ្ឋថាបានបាត់សត្វគោ១ក្បាល ។
លោក អធិការនគរបាលបន្តថា កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ពីប្រជាពលរដ្ឋឈ្មោះ ចាយ គាសី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិក្រពើ២ក្រោម ឃុំក្រពើ២ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ថា ខ្លួនបានបាត់សត្វគោញី១ក្បាល ដែលមានសម្បុរ.ស ដែលខ្លួនបានចងឲ្យស៊ីស្មៅនៅក្រោយផ្ទះរបស់ឈ្មោះ ម៉ែន ផល្លា ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំជាមួយគ្នា ។
លោក បញ្ជាក់ទៀតថា បន្ទាប់ទទួលព័ត៌មានបែបនេះ កម្លាំងរបស់លោកសហការចុះដល់ផ្ទះឈ្មោះ ម៉ែន ផល្លា រួមទាំងវត្ថុតាង ខ្មោចសត្វគោមានក្លិនស្អុយ និងពូថៅដៃ១(ជាប់រោមគោ)ផងដែរ ភ្លាមនោះវត្ថុតាង(ខ្មោចសត្វគោ)ប្រគល់ឱ្យម្ចាស់យកទៅចាត់ចែងតាមបែបគ្រួសារ ចំណែកជនសង្ស័យដៃដល់(ម៉ែន ផល្លា)នាំយកមកសួរនាំ និងបន្តនីតិវិធី ជនសង្ស័យ(ម៉ែន ផល្លា)ឆ្លើយថា ខឹងសត្វគោនោះស៊ីដាំណាំរបស់គាត់ ៕
ដោយ៖ ប៉ឹម ពិន