ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនបណ្តាលឱ្យខ្ទាតទៅផ្ទប់នឹងបង្គោលស្លាកសញ្ញាបាក់អស់មួយដើម

ចែករំលែក៖

    ភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់រួមដំណើរជាមួយនឹងបុរសជនបរទេសម្នាក់ទៀត បានបើករថយន្តយ៉ាងលឿនទៅដល់ផ្លូវបំបែកជាបួនបានជ្រុលទៅប៉ះនឹងរថយន្តមួយគ្រឿងទៀតចំពីមុខពេញទំហឹងខ្ទាតប៉ើងទៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យរថយន្តទាំងពីរគ្រឿងខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១កែងនឹងផ្លូវលេខ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-6732 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុដែលផ្លូវបំបែកជាបួន បានបើកឆ្លងដល់ពាក់កណ្តាលផ្លូវទៅហើយស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកLexus GX470 ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2V-5899 បើកបរដោយបុរសជនបរទេសម្នាក់រួមដំណើរដោយបុរសជាជនបរទេសម្នាក់ទៀត ធ្វើដំណើរចេញពីផ្លូវលេខ២២២ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿនបានជ្រុលទៅប៉ះរថយន្តLexus RX350 ពេញទំហឹងប៉ើងទៅលើចិញ្ចើមផ្លូវ ចំណែកឯរថយន្តLexus GX470វិញ ប៉ើងទៅបោកផ្ទប់នឹងបង្គោលស្លាកសញ្ញា បាក់អស់មួយដើម តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួស។

បន្ទាប់ពីកើតហេតុ ដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវក៏សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងរាំងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖