ព័ត៌មានទាន់ហេតុការណ៍៖

អកុសលម្ល៉េះ!! ដឹកក្មួយស្រីចេញពីសាលារៀន​ ត្រូវរថយន្តធុនធំបុកម៉ូតូពីក្រោយបណ្ដាលឱ្យដួលនិងកិនអ្នកឌុបស្លាប់​ ឯក្មួយស្រីរបួសស្រាល

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តធុនធំសណ្ដោងទូកុងតឺន័រ​យ៉ាងលឿនជ្រុលទៅបុកម៉ូតូពីក្រោយធ្វើឱ្យដួល​ ហើយរថយន្តបានកិនអ្នកជិះម៉ូតូបណ្ដាលឱ្យស្លាប់ម្នាក់​និងរបួសស្រាលម្នាក់​ បង្កការភ្ញាក់ផ្អេីលនាវេលាម៉ោង៤​និង៣០នាទីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣​ ស្ថិតនៅតាមមហាវិថីចោមចៅ​ ក្នុងភូមិដំណាក់ធំ​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ 

​   តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​គេឃេីញស្ត្រីម្នាក់​និងក្មេងស្រីម្នាក់ទៀតស្លៀកពាក់បែបសិស្សសាលា​ រួមដំណេីរជាមួយគ្នាដោយជិះម៉ូតូម៉ាក​ Zoomer-X ពណ៌ក្រហម​ ពាក់ផ្លាកលេខ​ បាត់ដំបង​ 1AC-9576 ធ្វេីដំណេីរតាមបណ្ដោយផ្លូវចោមចៅ​ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តធុនធំសណ្ដោងទូកុងតឺន័រ​ ក្បាលពណ៌ខៀវ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 3B-1611 បេីកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាយ៉ាងលឿន​ទៅបុកម៉ូតូពីក្រោយឱ្យដួលរួចហើយកិនស្ត្រីជាអ្នកឌុប​បណ្ដាលឱ្យស្លាប់ភ្លាមមួយរំពេច​ រីឯក្មេងស្រីរងរបួសស្រាល​ ។ 

​     ក្រោយកេីតហេតុភ្លាមៗ​ តៃកុងរថយន្តបង្កហេតុបានបេីកទ្វារចុះបម្រុងគេចខ្លួន​ តែត្រូវប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុនាំគ្នាឃាត់ប្រគល់ឱ្យសមត្ថកិច្ចយកទៅសួរនាំ​ និងចាត់ការតាមច្បាប់​ ។ ដោយឡែកម៉ូតូនៅក្រោមរថយន្តបង្កបានរងការខូចខាត​ជាខ្លាំង និងត្រូវបានសមត្ថកិច្ចមូលដ្ឋាន​សហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វេីការវាស់វែងយកទាំងរថយន្តបង្ក​ និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ​ ។ ចំណែកសពស្ត្រីរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖