ព័ត៌មានទាន់ហេតុការណ៍៖

លោក រស់ ផារិទ្ធ ណែនាំឱ្យអាជ្ញាធរស្រុករំដួលត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យបានដូចភ្លៀងរលឹម

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងនិងក្នុងនាមក្រុមការងារជំរុញការអនុវត្តបង្រ្កាបល្បែងស៊ីសងខុសច្បាប់នៅស្រុករំដួលបានថ្លែងណែនាំដល់អាជ្ញាធរ កងកម្លាំងទាំងបី ត្រូវបន្តបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យបានដូចភ្លៀងរលឹម ដើម្បីធានាឱ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព គ្មានល្បែងស៊ីសងខុសច្បាប់កើតមានឡើងនៅតាមមូលដ្ឋានភូមិ ឃុំ នៅក្នុងភូមិសាស្រ្តស្រុករំដួល ស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិទាំង៧យ៉ាង ហើយការងារនេះ ត្រូវធ្វើសកម្មភាពជាប់ជាប្រចាំផងដែរ។

ការថ្លែងបែបនេះរបស់ លោក រស់ ផារិទ្ធ បានធ្វើឡើងខណៈដែលលោកបានដឹកនាំកិច្ចប្រជុំជំរុញ និងពង្រឹងការបង្រា្កបល្បែងស៊ីសងខុសច្បាប់ នៅសាលប្រជុំសាលាស្រុករំដួលនាព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៣ ដែលមានការចូលរួមពីលោកហែមស៊ីណា អភិបាលស្រុករំដួល កងកម្លាំងទាំងបីប្រភេទនិងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកអភិបាលរងខេត្តស្វាយរៀង បានបានបន្តថា ដើម្បីអនុវត្តការបង្ក្រាបល្បែងស៊ីសងឲ្យមានប្រសិទ្ធភាពខ្ពស់ មន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវមានកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយមានកងកម្លាំងទាំងបីជាសេនាធិការ និងការចូលរួមរបស់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់នាពេលកន្លង ត្រូវធ្វើការងារនេះឱ្យខាងតែបាន និងមានប្រសិទ្ធភាព ៕

ដោយ៖ សុថាន


ចែករំលែក៖