ទីតាំងសំខាន់ៗ របស់កងទ័ពអ៊ុយក្រែននៅទីក្រុង Avdiivka ក្នុងខេត្ត Donetsk ថ្មីៗនេះត្រូវបានវាយប្រហារដោយកម្លាំងទាហានប្រទេសរុស្ស៊ីជាទ្រង់ទ្រាយធំ។
គេហទំព័រ Avia.pro បានផ្សាយថា តាមរូបភាពវីដេអូត្រូវបានចេញផ្សាយនៅក្នុងបណ្តាញសង្គមដែលពិពណ៌នាអំពីការវាយប្រហារទៅលើទីតាំងសំខាន់ៗរបស់កងទ័ពអ៊ុយក្រែននៅទីក្រុង Avdiivka ។ នៅក្នុងវីដេអូឃើញថានៅពេលដែលកងទ័ពរុស្ស៊ីបានចាប់ផ្តើមវាយប្រហារយ៉ាងខ្លាំងជាមួយនឹងអាវុធដែលមិនស្គាល់អត្តសញ្ញាណ។ ការផ្ទុះយ៉ាងខ្លាំងបានបង្កើតដុំភ្លើងដ៏ធំហើយផ្សែងកើតឡើងដល់កម្ពស់ប្រហែល 120-150 ម៉ែត្រ។
អាវុធដែលត្រូវបានប្រើក្នុងការវាយប្រហារទៅលើមុខទីតាំងរបស់កងទ័ពអ៊ុយក្រែនមិនត្រូវបានកំណត់នោះទេ តែទោះជាយ៉ាងណាវាច្បាស់ណាស់ថានេះគឺជាមីស៊ីលយុទ្ធសាស្ត្រ។ លើសពីនេះទៅទៀតនោះ កងទ័ពរុស្ស៊ីបានវាយប្រហារដោយផ្ទាល់ទៅលើឃ្លាំងគ្រាប់កាំភ្លើងរបស់អ៊ុយក្រែនដែលនាំឱ្យមានការផ្ទុះមួយដូចជាគ្រាប់បែកបរមាណូ។
បច្ចុប្បន្ននេះអ៊ុយក្រែនមិនបានអត្ថាធិប្បាយលើព័ត៌មានដែលបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីទេ។ Avdiivka គឺជាទីក្រុងសំខាន់មួយ ដែលមានប្រជាជនជាង 31.000 នាក់មុនពេលប្រយុទ្ធគ្នា។ ទីក្រុងនេះមានចម្ងាយពីរបីគីឡូម៉ែត្រពីជួរមុខដែលបច្ចុប្បន្នគ្រប់គ្រងដោយកងកម្លាំងអ៊ុយក្រែនហើយជាគោលដៅវាយប្រហាររបស់កងទ័ពរុស្ស៊ី។
តំបន់ Lugansk និង Donetsk បច្ចុប្បន្នជាផ្នែកប្រយុទ្ធខ្លាំងបំផុតនៅអ៊ុយក្រែន។ ទាំងរុស្ស៊ីនិងអ៊ុយក្រែនបានផ្តោតលើកងកម្លាំងដើម្បីទទួលបានការគ្រប់គ្រងទីតាំងសំខាន់ៗជាយុទ្ធសាស្ត្រក្នុងតំបន់នេះ។
រុស្ស៊ីបានបង្កើនការវាយប្រហារក្រោយពេលដែលប្រធានាធិបតីអាមេរិកបំពេញទស្សនកិច្ចទៅកាន់អ៊ុយក្រែននាពេលថ្មីៗនេះ ក៏ដូចជាការបង្កើនការផ្តល់អាវុធពីបណ្តាប្រទេសលោកខាងលិចឱ្យអ៊ុយក្រែន។ ក្រុមអ្នកជំនាញបានបានបង្ហាញពីក្តីបារម្ភពីសង្គ្រាមទ្រង់ទ្រាយធំរវាងរុស្ស៊ីនឹងអាមេរិក ណាតូ ក្នុងពេលដ៏ខ្លីខាងមុខ៕ ដោយ៖ ធីរីណា
រូបថត ៖ Vietnamnet.vn