ភ្នំពេញ៖ នៅក្នុងជំនួបទ្វេភាគីជាមួយ លោក សិន តានយ៉ាង អភិបាលរងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជាចង់រៀបចំឲ្យមានការសម្តែងក្បាច់គុនល្បុកត្តោ និងក្បាច់គុនសៅលីញរួមគ្នា នៅរាជធានីភ្នំពេញ ឆាប់ៗខាងមុខនេះ មុនព្រឹត្តិការណ៍ស៊ីហ្គេមមកដល់។
បើតាមក្រសួងទេសចរណ៍ គឺនៅក្នុងជំនួបនោះលោកថោង ខុន បានឆ្លៀតប្រាប់គណៈប្រតិភូខាងចិន ពីដំណឹងដែលកម្ពុជាបានដាក់ក្បាច់គុនល្បុកត្តោ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ កាលពីថ្ងៃទី២៩ វិច្ឆិកា ២០២២ កន្លងមកនេះ។ ជាមួយគ្នានេះ លោកក៏បានសំណូមពរទៅភាគីចិន ឲ្យបញ្ជូនអ្នកហាត់ក្បាច់គុនសៅលិញ មកសម្តែងជាមួយអ្នកហាត់ក្បាច់គុនល្បុកត្តោផងដែរ។
លោកថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា «នាឱកាសខួបទី៦៥ នៃចំណងការទូតនៃប្រទេសទាំងពីរ ឆ្នាំ២០២៣ ក្រសួង ទេសចរណ៍និង CAMSOC កំពុងគិតគូររៀបចំការងារមួយចំនួន ដោយមានការ ពិភាក្សាគ្នារវាងថ្នាក់អគ្គនាយកអន្តរជាតិ នៃក្រសួង ទេសចរណ៏ កម្ពុជា ជាមួយក្រសួងវប្បធម៌ និងទេសចរណ៍ចិន រួចហើយ នាអំឡុងទស្សនកិច្ចផ្លូវការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅប្រទេសចិនថ្មីៗនេះ ដូចជា ការសម្ដែងសិល្បៈរួមគ្នា ជាក្បាច់គុនសៅលិញ និងល្បុកក្តោ មុនព្រឹត្តិការណ៍ស៉ីហ្គេម» ។
បើតាមក្រសួងទេសចរណ៍ដដែលលោករដ្ឋមន្ត្រីថោង ខុន ក៏ចង់ឲ្យមានការរៀបចំនូវការប្រយុទ្ធគ្នា៤-៥គូ រវាងអ្នកហាត់ក្បាច់គុនសៅលិញ និងអ្នកហាត់ក្បាច់គុនខ្មែរ ទៀតផង។ ជាមួយគ្នានេះ លោកបានអញ្ជើញគណៈប្រតិភូខេត្តហៃណាន មកចូលរួមពិធីបើកព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
ដោយ៖ សូរិយា