រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបេឡារូសអំពីទំនាក់ទំនងទ្វេភាគី និងវិបត្តិអ៊ុយក្រែន ដែលក្នុងនោះបេឡារូស “គាំទ្រយ៉ាងពេញទំហឹង” គោលជំហរ១២ចំណុចរបស់ទីក្រុងប៉េកាំង ក្នុងការដោះស្រាយបញ្ហាវិបត្តិនេះ។
ក្នុងពេលនេះដែរ ប្រធានាធិបតីបេឡារូស លោក Lukashenko នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅប៉ុន្មានថ្ងៃខាងមុខ។ ក្រសួងការបរទេសចិន នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថាប្រធានាធិបតីបេឡារូស លោក Alexander Lukashenko នឹងបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសចិននៅថ្ងៃទី២៨ ខែកុម្ភៈនេះ ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងថាបេឡារូស អាចនឹងត្រូវបានបង្ខំឱ្យចូលរួមជាមួយរុស្ស៉ី នៅក្នុង សង្រ្គាមឈ្លានពានអ៊ុយក្រែន។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ដំណើរទស្សនកិច្ចរបស់លោក លូកាសិនកូ នឹងធ្វើឡើងតបតាមការអញ្ជើញរបស់ ប្រធានាធិបតីចិន។ លោកស្រី ហួ បានគូសបញ្ជាក់ដូច្នេះថា «តាមតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រធានាធិបតីបេឡារូស លោក អាឡិចសាន់ឌឺ លូកាសិនកូ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋមួយមកកាន់ប្រទេសចិន ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា»។
លោក លូកាសិនកូ គឺជាសម្ព័ន្ធមិត្តម្នាក់របស់លោក ពូទីន និងបានបង្ហាញការគាំទ្រចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ បេឡារុសសព្វថ្ងៃ ពឹងផ្អែកយ៉ាងខ្លាំងលើទីក្រុងមូស្គូ ទាំងសេដ្ឋកិច្ច និងនយោបាយ។
សេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតរបស់ក្រសួងការបរទេសចិន ដែលចេញផ្សាយក្រោយជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gan) និងសមភាគីបេឡារូស លោក Aleinikកាលពីថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ក៏បានបញ្ជាក់ដែរថា ចិនមានបំណងធ្វើការជាមួយបេឡារូស លើការពង្រឹងការជឿជាក់គ្នាទៅវិញទៅមុខខាងនយោបាយ។ កាលពីខែកញ្ញា ឆ្នាំ២០២២ លោក ស៊ី ជិនពីង និងលោក លូកាសិនកូ បានប្រកាសពីភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់រដូវកាល នៅពេលដែលមេដឹកនាំនៃប្រទេសទាំង២នេះ ជួបគ្នានៅទីក្រុង Samarkand នៃប្រទេសអ៊ូសបេគីស្ថាន៕ ដោយ ៖ ធីរីណា
រូបថត ៖ VOV.VN