ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បើកបរម៉ូតូឌុបកូន៣នាក់ដល់ផ្លូវកោងបានរេចង្កូតជ្រុលចូលប្រឡាយដួលរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានប៉ុស្ថិ៍ស្ទឹងត្រង់បានឱ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយស្ត្រីម្នាក់បើកម៉ូតូឌុបកូន៣នាក់ ហើយពេលទៅដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ក៏ដួលម៉ូតូធ្លាក់ចូលប្រឡាយ ស្ថិតនៅចំណុចភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

    សមត្តកិច្ចមូលដ្ឋានបានបន្តថា ករណីនេះបណ្តាលឱ្យរបួសមនុស្ស ចំនួន០៤នាក់ របួសធ្ងន់០១នាក់ របួសស្រាល០៣នាក់ និងខូចខាតម៉ូតូចំនួន០១គ្រឿង(កម្រិតស្រាល)។

ជនរងគ្រោះឈ្មោះ ទឹម សុខមី ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(របួសធ្ងន់) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ។ 

មូលហេតុបណ្តាលមកពី៖

-កត្តាផ្លូវថ្នល់(ផ្លូវកោង)

-កត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្នក្នុងល្បឿនលឿនបើកជ្រុលហួសផ្លូវបណ្ដាលឱ្យធ្លាក់ចូលប្រឡាយ។

បញ្ជាក់៖ ជនរងគ្រោះបានបើកបរចេញដំណើរពីជើងទៅត្បូងដោយបានឌុបកូនរបស់ខ្លួនចំនួន០៣នាក់ ស្រី០២នាក់ ដោយបានជិះក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុមានផ្លូវកោង មិនបានប្រុងប្រយ័ត្នក៏បានជ្រុលហួសផ្លូវបណ្ដាលឱ្យធ្លាក់ចូលប្រឡាយហើយរបួសបែកក្បាល ចំណែកកូនៗរបួសស្រាល ។

  ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ 

ចំណែកម៉ូតូត្រូវបានសមត្តកិច្ចនគរបាលមូលដ្ឋានយកទៅរក្សាទុកនិងរង់ចាំក្រុមគ្រួសារមកទទួលយក៕

ដោយ៖ ស សារ៉េត


ចែករំលែក៖