ព័ត៌មានទាន់ហេតុការណ៍៖

ទួរគីចាប់ខ្លួនមនុស្ស១៨៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន

ចែករំលែក៖

រដ្ឋាភិបាលទួរគីបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតមនុស្សជាង 6០០នាក់ ពាក់ព័ន្ធនឹងការដួលរលំអគារបន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី 6 ខែកុម្ភៈ ដែលបានសម្លាប់មនុស្សជាង 50.000 នាក់។
ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទួរគី លោក Bekir Bozdag បាននិយាយថា គិតត្រឹមថ្ងៃទី ២៥ ខែកុម្ភៈ មនុស្សជាង 600 នាក់ដែលជាប់ពាក់ព័ន្ធនឹងអគារដួលរលំបន្ទាប់ពីការរញ្ជួយដីត្រូវបានស៊ើបអង្កេត។

ប្រជាពលរដ្ឋដែលចាប់ខ្លួននិងឃុំខ្លួនបានកើនដល់១៨៤នាក់ ក្នុងនោះអ្នកម៉ៅការសំណង់៧៩នាក់ អ្នកទទួលខុសត្រូវលើសំណង់៧៤នាក់ ម្ចាស់សំណង់១៣នាក់ និងមនុស្ស១៨នាក់ផ្សេងទៀត។ ប្រព័ន្ធផ្សព្វផ្សាយទួរគីបានផ្សាយថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន គឺមានអភិបាលក្រុងមួយនៃទីក្រុងដែលនៅជិតការរញ្ជួយដី។
លោក Bozdag បានធ្វើសេចក្តីប្រកាសតាមកញ្ចក់ទូរទស្សន៍ ខណៈនៅទីក្រុង Diyarbakir ភាគអាគ្នេយ៍ ដែលជាខេត្តមួយក្នុងចំណោមខេត្តចំនួន១០ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយកាលពីថ្ងៃទី ៦ ខែកុម្ភៈ។ ការរញ្ជួយដីនេះបានបណ្តាលឱ្យអគារជាង 160.000 ខ្នងជាមួយនឹងផ្ទះល្វែងចំនួន 520.000ល្វែងបានដួលរលំឬខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសទួរគី។
គណបក្សប្រឆាំង និងអ្នកជំនាញមួយចំនួនបានចោទរដ្ឋាភិបាលថាមិនបានអនុវត្តបទប្បញ្ញត្តិពីសុវត្ថិភាពសំណង់បានគ្រប់គ្រាន់។ ពួកគេនិយាយថា គោលនយោបាយ “ការលើកលែងទោសក្នុងការសាងសង់” បានជំរុញឱ្យអគារនានាកើតឡើងដូចជាផ្សិត សូម្បីតែនៅក្នុងតំបន់ដែលងាយនឹងរញ្ជួយដីក៏ដោយ នេះបើយោងតាម BBC ។
ប្រធានាធិបតី Recep Tayyip Erdogan បានទទួលស្គាល់ចំណុចខ្វះខាត ប៉ុន្តែក៏បានចាត់ទុកទំហំនៃគ្រោះមហន្តរាយនេះថាជាធម្មជាតិ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖