សារព័ត៌មាន RT បានដកស្រង់សម្តីអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ដែលបានបញ្ជាក់ថា សមាជិកណាតូបានយល់ព្រមទទួលស្គាល់អ៊ុយក្រែនទៅក្នុងសម្ព័ន្ធភាព ប៉ុន្តែសមាជិកភាពរបស់អង្គការណាតូ មិនមែនជាអាទិភាពដំបូងនៅពេលនេះឡើយសម្រាប់អ៊ុយក្រែន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងដំណើរបំពេញទស្សនកិច្ចនៅហុល្លង់នាពេលថ្មីៗនេះ អគ្គលេខាធិការអង្គការណាតូបាននិយាយថា ទោះបីជាទីក្រុងគៀវក្លាយជាសមាជិកណាតូត្រូវបានស្វាគមន៍ក៏ដោយ វាគឺជា “ការរំពឹងទុកដ៏ឆ្ងាយ” ដោយសារតែអាទិភាពកំពូលបច្ចុប្បន្នរបស់ប្លុកគឺត្រូវមានការធានា។ លោក Stoltenberg ក៏បាននិយាយផងដែរថា អ៊ុយក្រែនត្រូវតែ “ពង្រឹងសមត្ថភាពយោធារបស់ខ្លួន” ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីហ្វាំងឡង់ Sanna Marin ក៏បាននិយាយដែរថា នៅពេលអនាគត អ៊ុយក្រែននឹងក្លាយជាសមាជិកណាតូ។ នាយករដ្ឋមន្ត្រីហ្វាំងឡង់ក៏បានសម្តែងការយល់ព្រមក្នុងការផ្គត់ផ្គង់សព្វាវុធបន្ថែមទៀតដល់អ៊ុយក្រែន។
ខាងរុស្ស៊ីវិញ ទីក្រុងមូស្គូបានរិះគន់លោកខាងលិចម្តងទៀតចំពោះការបដិសេធរបស់ខ្លួនក្នុងកិច្ចចរចាសន្តិសុខ ហើយបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តត្រូវតែផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួនចំពោះសន្តិសុខពិភពលោក ហើយគិតគូរពីកង្វល់របស់រុស្ស៊ី៕ ដោយ៖ ធីរីណា
រូបថត ៖ PLVN