ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចដែកទ្រនាប់ជើងម៉ាស៊ីន រោងចក្រ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចដែកទ្រនាប់ជើងម៉ាស៊ីន របស់រោងចក្រមកសាកសួរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទី យប់ថ្ងៃទី៦ខែមីនាឆ្នាំ២០២៣ នៅត្រង់ចំណុចរោងចក្រផលិតសំបកកង់រថយន្តយីហោដៃលិន ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ កែ ប្រុស  អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រសៃលុន ផ្នែកអនាម័យ មានទីលំនៅភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងឈ្មោះ ម៉ុត ដារ៉ា  អាយុ៤២ឆ្នាំ មុខរបរកម្មកររោងចក្រសៃលុន ផ្នែកអនាម័យ មានទីលំនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ។

ប្រភពបន្តថាសមត្ថកិច្ចបានទទួលព័ត៌មានថា នៅត្រង់ចំណុចរោងចក្រផលិតសំបកកង់រថយន្តយីហោដៃលិន ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង  មានជនសង្ស័យខាងលើ បានធ្វើសកម្មភាព ដើរប្រមូលសម្រាមនៅក្នុងរោងចក្រ រួចបន្លំលួចយកដែកទ្រនាប់ជើងម៉ាស៊ីន របស់រោងចក្របានចំនួន០៧ផ្ទាំង។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងនិងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយតឿ ចុះទៅដល់កន្លែងកើតហេតុ នឹងនាំខ្លួនជនសង្ស័យទាំង០២នាក់ខាងលើមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព លួចយកដែកទ្រនាប់ជើងម៉ាស៊ីន ពីរោងចក្រផលិតសំបកកង់រថយន្តយីហោ ដៃលិន ប្រាកដមែន។

ក្រោយពីឆ្លើយសារភាពពីជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍សុំយោបល់លោកព្រះរាជអាជ្ញាធ្វើការឃាត់ខ្លួន កសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖