ព័ត៌មានទាន់ហេតុការណ៍៖

លោកស៊ូ ម៉ុល ៖ សូម​បងប្អូន​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​ ដូច​ជា​​ភ្លើង​អគ្គិស​នី ​​ភ្លើងចង្ក្រាននិង​ភ្លើងទៀន​ធូប​ជាដើម ​ព្រោះ​រដូវ​នេះ​ជា​រដូវរំហើយ​ងាយ​បង្ក​គ្រោះ​អគ្គិ​ភ័យ​ជាយថាហេតុខ្លាំង​ណាស់​!

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុករមាសហែកបានថ្លែងថា សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​ ដូច​ជា​​ភ្លើង​អគ្គិស​នី ​​ភ្លើងចង្ក្រាន និង​ភ្លើងទៀន​ធូប​ជាដើម ​ព្រោះ​រដូវ​នេះ​ជា​រដូវរំហើយ​ងាយ​បង្ក​គ្រោះ​អគ្គិ​ភ័យ​ជាយថាហេតុខ្លាំង​ណាស់​ ។

    ការថ្លែងបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី៨ខែមីនាឆ្នាំ២០២៣ បន្ទាប់ពីលោក និងក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមកចែកជូនដល់គ្រួសាររងគ្រោះ២គ្រួសារដោយភ្លើងឆេះផ្ទះ ក្នុងនោះម្ចាស់ផ្ទះទី១មានឈ្មោះជាលាភ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរទិញលក់អេតចាយ និងទី២ម្ចាស់ផ្ទះឈ្មោះអន កន  ស្ថិតនៅភូមិចុងព្រែក ឃុំចន្ត្រី ស្រុករមាសហែក កាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី៧ខែមីនាឆ្នាំ២០២៣ ដោយសារមូលហេតុម្ចាស់ផ្ទះផ្សារដែកបែកផ្កាភ្លើងឆេះគំនរអេតចាយ។

    នៅក្នុងឱកាសនោះ លោកស៊ូ ម៉ុល ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមស្រុករមាសហែកបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដោយក្តីនឹករលឹក និងអាណិតអាសូរជាពន់ពេក ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះគ្រប់ទីកន្លែងគ្រប់ពេលវេលា និងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះនិងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

    ទន្ទឹមនោះដែរ លោកស៊ូ ម៉ុល ក៏បានសម្តែងនូវការចូលរួមសោកស្តាយនិងការអាណិតអាសូរចំពោះពលរដ្ឋទាំង២គ្រួសារ ដែលបានបាត់បង់លំនៅឋាន ដោយគ្រោះអគ្គីភ័យតែមួយប៉ប្រិចភ្នែក និងផ្តាំផ្ញើឱ្យប្រជាពលរដ្ឋកុំអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែងដើម្បីប្រកបមុខរបរទទួលទានឡើងវិញ ជីវភាពរស់នៅបានល្អប្រសើរ៕

ដោយ៖ សុថាន


ចែករំលែក៖