ព័ត៌មានទាន់ហេតុការណ៍៖

ពុទ្ធោ​អេីយ! សល់តែកន្លះខែទៀតចូលរោងការ​ហេីយ​ ស្រាប់តែ​កូនកំលោះ​​ស្លាប់​ ខណៈ​កូនក្រមុំ​រងរបួសធ្ងន់ដោយជួបគ្រោះថ្នាក់​ចរាចរណ៍​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បើ​តាម​ការបញ្ជាក់​ពី​កម្លាំង​នគរបាល​ស្រុក​ថ្មពួក​ នៅព្រឹកថ្ងៃពុធទី​០៨​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកេីតឡេីង​បណ្ដាលឱ្យ​មនុស្ស​ចំនួន​ ០២នាក់​ស្លាប់​ និង​ ០៥នាក់ទៀតរងរបួសធ្ងន់​ ខណៈ​ដែលកូនកំលោះ​ កូនក្រមុំ​​ និងអ្នករួមដំណេីរជាច្រេីននាក់​ នាំគ្នា​​ជិះ​គោ​យន្ត​កន្ត្រៃ​យក​លុយ​ទៅ​ប្រគល់​ជូន​ខាងស្រី ដើម្បី​រៀប​មង្គលការ​នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ខាង​មុខ​នេះ ប៉ុន្តែ​ដោយសារ​គោ​យន្ត​ដាច់​ដៃចង្កូត ក៏​រេ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ក្រឡាប់​តែ​ម្តង។ 

មន្ត្រី​នគរបាល​ស្រុក​ថ្មពួក​ បានបន្ថែមថា​ ហេតុការណ៍ខាងលើនេះ​បានកើតឡើង​នៅថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៣​និង​៤០​នាទី​ទៀប​ភ្លឺ នៅ​ចំណុច​កំណាត់​ផ្លូវ​លេខ​២៥៦៣ (​ថ្មពួក​បឹង​ត្រកួន​) ខាងកើត​វត្ត​គោក​រមៀត ប្រហែល​៣០០​ម៉ែត្រ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២-១៣ ស្ថិត​ក្នុងភូមិ​គោក​រមៀត ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបន្តថា​ មុន​ពេល​កើតហេតុ ឈ្មោះ ឡា​ត់ សុខា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​បឹង​តា​ស្រី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​បើកបរ​គោ​យន្ដ​កន្ត្រៃក្នុងគោលបំណងយកលុយ​ទៅ​ប្រគល់​ឱ្យម្តាយ​ឪពុក​ខាង​ស្រី នៅ​ភូមិ​គោក​ត្រាច ឃុំ​គោក​ស្នួល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត និង​រួម​ដំណើរ​មាន​គ្នា​០៧​នាក់ ក្នុងនោះ(​កូនកំលោះ​-​កូនក្រមុំ​) និង​មាន​ដាក់​អុស​ផង​ដែរ​។ 

ខណៈ​ដែលបើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ គោ​យន្ត​កន្ត្រៃ​ក៏​បាន​ជាប់​កាំ​លាវ (​ចង្កូត​) ហើយ​ក៏​រេក្បាល​គោ​យន្ត​កន្ត្រៃ​ធ្លាក់​ចូល​ប្រឡាយ​ជ្រៅ​ខាងឆ្វេង ក្រឡាប់​តែ​ម្ដង បណ្ដាល​ឱ្យ​អ្នក​បើកបរ​និងអ្នករួម​ដំណើររួមមា​ន ៖​១/- ឈ្មោះ ព្រឿ​ន មឹក ភេទ​ស្រី អាយុ​៣៣​ឆ្នាំ (​ស្លា​ប់​) នៅ​នឹង​កន្លែង​កើតហេតុ​, ២/- ឈ្មោះ ព្រឿ​ន សៀត ភេទ​ស្រី អាយុ​៣៦​ឆ្នាំ របួសធ្ងន់​, ៣/- ឈ្មោះ អិន អាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ របួស​បាក់ដៃ​, ៤/- ឈ្មោះ ឈី វ៉ា​ន់​ថៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ កូនកំលោះ (​ស្លា​​ប់​) ខណៈ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក​, ៥/ -​ឈ្មោះ ជាតិ សុ​ខន ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្រាច ឃុំ​គោក​ស្នួល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប (​កូនក្រមុំ​) របួស​បាក់ដៃ​ឆ្វេង​, ៦/- ឈ្មោះ ហាប់ តល់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា របួស​បាក់ជើង​ខាងស្ដាំ ចំណែក​អ្នកបើកបរ​ពុំ​មាន​រង​របួស​ទេ​។

ក្រោយ​កេីតហេតុ កម្លាំង​ប៉ុស្ដិ៍​មូលដ្ឋាន​ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចរាចរណ៍​ស្រុក​ថ្មពួក ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ដឹក​អ្នក​របួស​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​បង្អែក​ស្រុក​ថ្មពួក​។​ 

គួរបញ្ជាក់ថា​ ​អ្នក​ស្លា​​ប់ទាំងពីរនាក់នេះ​ ម្នាក់ជាកូនកំលោះ​ និងម្នាក់ទៀតត្រូវជាបងស្រីជីដូនមួយរបស់កូនកំលោះ ។បច្ចុប្បន្ន​សពត្រូវសមត្ថកិច្ច​ជំនាញ​ប្រគល់​ជូន​ក្រុមគ្រួសារ​សាច់ញាតិ ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ៖សហការី


ចែករំលែក៖