ព័ត៌មានទាន់ហេតុការណ៍៖

លោក ទេសរដ្ឋមន្រ្តី លី ធុជ ៖ អត្តពលិកជនពិការទាំងអស់ ត្រូវបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីត្រៀមចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេកផ្លូវការរបស់អាជ្ញាធរមីនកម្ពុជាដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី០៩ខែមីនាឆ្នាំ២០២៣នេះបានឲ្យដឹងថា លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានសហព័ន្ធបាល់បោះរទេះជនពិការកម្ពុជា បានជម្រុញឲ្យ អត្តពលិកជនពិការទាំងអស់ ត្រូវបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីត្រៀមចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ខាងមុខនេះ។ការលើកឡើងយ៉ាងច្នេះក្នុងពិធីដែលលោកអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជា និងអត្តពលិកប៉ារ៉ាហ្គេមទាំងអស់ ដែលកំពុងទទួលការហ្វឹកហាត់នៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន (បឹងបៃតង) ក្នុងឱកាសរីករាយទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ២០២៣។កាលពីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣។

ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានប៉ារ៉ាឡាំពិកកម្ពុជា លោកទេសរដ្ឋមន្រ្តី បានជម្រុញឲ្យអត្តពលិកជនពិការទាំងអស់ ត្រូវបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ទាំងកម្លាំងកាយ កម្លាំងចិត្ត និងបច្ចេកទេស ជាពិសេសត្រូវបង្កើនស្មារតីជាក្រុម និងសាមគ្គីភាព ដើម្បីត្រៀមចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។

លោក ទេសរដ្ឋមន្រ្តី បានកោតសរសើរដល់ក្រុមនារីបាល់បោះរទេះជនពិការកម្ពុជា ដែលបានដណ្តើមមេដាយមាសជូនជាតិមាតុភូមិ ព្រមទាំងជូនពរឲ្យក្រុមអត្តពលិកបាល់បោះរទេះជនពិការ ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ។

ក្នុងឱកាសចុះសួរសុខទុក្ខ លោកទេសរដ្ឋមន្រ្ទី បាននាំយកនូវទឹកសុទ្ធ ៤០០ យូរ និង ១០០ កេសធំ, នំភីហ្សា និងថវិកាមួយចំនួន ប្រគល់ជូនដល់ក្រុមអត្តពលិកប៉ារ៉ាហ្គេម ផងដែរ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖