ព័ត៌មានទាន់ហេតុការណ៍៖

រណ្តៅដីនៅក្នុងក្រុងសិរីសោភ័ណនឹងជីកដាច់ក្បាលប្រេត លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យមិនទទួលទូរស័ព្ទអ្នកយកព័ត៌មាន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រណ្តៅដីដ៏ធំមួយដែលឈ្មួញធ្វើអាជីវកម្មជីកកាយយកដីលក់លើទំហំផ្ទៃដីប្រមាណ៣ទៅ៤ហិកតា មានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅៗដល់ប្រជាពលរដ្ឋក្នុងភូមិអំពីបញ្ហាដែលឈ្មួញជីកដីរូងចុះក្រោមមានជម្រៅលើសពី១០ម៉ែត្រទៅហើយ។ ក្តីព្រួយបារម្ភជាសំខាន់នោះ គឺប្រជាពលរដ្ឋមានការភ័យខ្លាចក្នុងរដូវវស្សាខាងមុខនេះ ខ្លាចមាត់រណ្តៅបាក់ស្រុតរាលដាលដល់ដីស្រែរបស់ពួកគេ និងខ្លាចគ្រោះថ្នាក់ដល់កូនចៅនិងសត្វចិញ្ចឹមរបស់ពួកគាត់។

ចំណែកប្រជាពលរដ្ឋរួមទាំងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពេលមកដល់ចំណុចព្រំប្រទល់ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណតែងតែមានការព្រួយបារម្ភ ពីសុវត្ថិភាពធ្វើដំណើររបស់ពួកគាត់ខណៈដែលរថយន្តធំៗដឹកអាចម៍ដីលក់រាប់សិបគ្រឿង ដឹករាប់រយជើងក្នុងមួយថ្ងៃៗបើកបរក្នុងល្បឿនលឿនៗ និងគ្មានស្លាកសញ្ញាសំគាល់ឬបង្ហាញនិងគ្មានសន្តិសុខរៀបចំសណ្តាប់ធ្នាប់នៅផ្លូវចេញចូលឆ្លងកាត់ផ្លូវជាតិលេខ៥នោះទេ។        

    ប្រជាពលរដ្ឋបានបន្តថា អាជ្ញាធរនិងមន្ត្រីជំនាញបណ្តែតបណ្តោយឱ្យក្រុមឈ្មួញរកស៊ីដឹកដីលក់យ៉ាងគគ្រឹកគគ្រេងអត់ខ្វល់ពីផលប៉ះពាល់អ្វីឡើយ ទោះបីជារថយន្តដឹកដីមិនគ្របតង់ មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរយ៉ាងណាក៏ដោយក៏អាជ្ញាធរនិងសមត្ថកិច្ចនៅទនោះមិនរវល់បើកភ្នែកមើលដែរ។ 

ពលរដ្ឋសំណូមពរតាមរយៈសារព័ត៌មាន សូមលោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ មេត្តាមានវិធានការចុះមកណែនាំដល់ការដ្ឋានជីកដីលក់ខាងលើនេះឱ្យបានឆាប់ផង  កុំចាំទាល់តែមានគ្រោះថ្នាក់ទើបចុះមកណែនាំនោះ។ ម្យ៉ាងវិញទៀតសូមមន្ត្រីជំនាញមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យ ជាពិសេស លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមេត្តាចុះមកពិនិត្យផង តើក្រុមហ៊ុន មានច្បាប់អនុញ្ញាតត្រឹមត្រូវដែរទេ ហើយថា តើការអនុវត្តរបស់ក្រុមឈ្មួញខាងលើនេះបានអនុវត្តទៅតាមច្បាប់ដែរឬទេ ខណៈដែលជីកជម្រៅលើសពី១០ម៉ែត្រ និងមានទំហំប្រហែល៣ទៅ៤ហិកតាបែបនេះ។ ម្យ៉ាងវិញទៀត រណ្តៅដីខាងលើនេះគ្មានរបងហ៊ុមព័ន្ធអ្វីនោះទេ ដែលធ្វើឱ្យអ្នកស្រុកព្រួយបារម្ភពីគ្រោះថ្នាក់នានាសម្រាប់កូនចៅតូចៗ និងសត្វចិញ្ចឹមគោ ក្របី ពពែ បើធ្លាក់នោះមិនសង្ឃឹមរស់ឡើយ ឬអាចលង់ស្លាប់នៅពេលរណ្តៅមានទឹកនៅខែវស្សាខាងមុខ។ 

    ពាក់ព័ន្ធនឹងបញ្ហានេះ នៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកមិនហ៊ានបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះ មានច្បាប់ ឬគ្មានច្បាប់នោះទេ លោកប្រាប់ថាឱ្យទៅសួរខាងមន្ទីរជំនាញទៅ។ ដោយឡែករថយន្តដឹកខុសបច្ចេកទេស បញ្ហាប្រឈមនិងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនេះ លោកបញ្ជាក់ថា លោកនឹងចាត់មន្ត្រីមកពិនិត្យមើលខណៈដែលក្រុមឈ្មួញខាងលើនេះដឹកដីលក់នៅទីតាំងខាងលើនេះរាប់ខែមកហើយ។

ដោយឡែកចំពោះលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យវិញ អ្នកសារព័ត៌ស្ទើរតែគ្រប់អង្គភាពទៅហើយគឺពិបាកទំនាក់ទំនងដើម្បីសុំការបំភ្លឺខ្លាំងណាស់ ពាក់ព័ន្ធនឹងរឿងរណ្តៅដី ឬកាយភ្នំ ពេលខលចូលលោកមិនលើក ឬលើកហើយដឹងថាអ្នកសារព័ត៌មានលោកបិទទូរស័ព្ទហើយប្រាប់ថាជាប់រវល់តែម្ដង៕

ដោយ ៖ វណ្ណា


ចែករំលែក៖