ខេត្តបាត់ដំបង៖ កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងត្រូវអគ្គិភ័យឆាបឆេះទាំងព្រលឹម បណ្ដាលឱ្យសត្វជ្រូកប្រមាណជា ២០ក្បាលបានងាប់ក្នុងភ្នក់ភ្លើង រីឯសត្វជ្រូកជាច្រើនក្បាលទៀតបានផ្លោះចេញពីទ្រុងរួចផុតជីវិត។
បេីតាមការបញ្ជាក់ពីបុរសម្នាក់ឈ្មោះ អេង ហុង ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកបានរៀបរាប់ថា៖ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៥ព្រឹកថ្ងៃទី១៥ ខែមីនា ស្ថិតនៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ម្ចាស់កសិដ្ឋានរូបនេះបន្តថា កសិដ្ឋានរបស់គាត់គឺមានទីតាំងនៅដាច់ឆ្ងាយពីភូមិបន្តិច ទើបជួបការលំបាកក្នុងការជួយធ្វើអន្តរាគមន៍ពីប្រជាពលរដ្ឋនៅពេលមានអគ្គិភ័យកើតឡើង ហេីយមូលហេតុដែលបង្កឡើងដោយអគ្គិភ័យនេះគឺមិនដឹងថាបណ្ដាលឱ្យមកពីអ្វីនោះឡេីយ។
បេីតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋានដែលចុះទៅត្រួតពិនិត្យទីតាំងខាងលេីនេះបានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមជ្រូកនោះធ្វើអំពីថ្មខាងក្រោម គ្មានជញ្ជាំងទេតែដំបូលប្រក់ស័ង្កសី។ តាមការពិនិត្យជាក់ស្ដែង មូលហេតុដែលនាំឱ្យអគ្គិភ័យឆាបឆេះអស់រោងកសិដ្ឋាននេះរហូតដល់ងាប់សត្វជ្រូកអស់ជាច្រើនក្បាល ទំនងអាចបណ្ដាលមកពីការ «ទុស្សេខ្សែចរន្តអគ្គិសនី»។
ដោយឡែកសម្ភារខូចខាតរួមមាន៖ រោងចិញ្ចឹមជ្រូកមួយខ្នងខូចខាតទាំងស្រុង ,រថយន្តស៊េរីចាស់០១គ្រឿង ,សត្វជ្រូកប្រមាណ២០ក្បាលក្នុងចំណោមសត្វជ្រូកប្រហែលជាង៧០ក្បាលបានងាប់រដូករណែលនៅក្នុងភ្នក់ភ្លើង ខណៈសត្វជ្រូកជាច្រើនក្បាលទៀតបានលោតផ្លោះចេញពីរបងរួចផុតជីវិត។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះដែរ មិនមានមនុស្សរងរបួសឬក៏ស្លាប់នោះទេ៕
ដោយ៖ អរុណរះ